ការដោះដូរទំនិញរវាងពលរដ្ឋខ្មែរ-ឡាវ តាមព្រំដែនខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៩ អ្នកយកព័ត៌មាន បានចុះទៅផ្តិតយករូបភាពប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិឆែប ១ ឃុំកំពុងស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ  បងប្អូនអាជីករក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋឡាវ ដែលនៅជាប់ព្រំប្រទល់ដែន គឺពួកគាត់មានការទំនាក់ទំនងគ្នាបានល្អ ដូចជាការដឹកទំនិញបន្តិចបន្ទួចទៅលក់នៅស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។

ខាងភាគីខ្មែរ គឺមានប្រេង សាំង អង្ករ និងបន្លែ បង្កា បន្តិចបន្តួចទៅលក់នៅផ្សារឡាវ គឺដឹកជញ្ជូនតាមការណូត។ ចំណែកឯភាគីឡាវ តែងតែយក ត្រី លៀស ខ្ចៅ ខ្យង មកលក់នៅផ្សារខ្មែរដូចគ្នាដែរ។ ចំពោះការ ឈឺស្កាត់យប់ព្រលប់ខាងភាគីឡាវតែងតែ យោគយល់ដល់ប្រជាពលរដ្ឋខ្មែរ អោយទៅសំរាកនៅមន្ទីពេទ្យរបស់គេផងដែរ មិនថាថ្ងៃ ឬយប់នោះទេ អោយតែបងប្អូនមានសមត្តិភាពទៅព្យាបាល។

ចំពោះប្រជាពលរដ្ឋឡាវ ក៏អាចមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខ្មែរយើងបានដូចគ្នា។

គួរបញ្ជាក់ថា តំបន់កោះស្មៅនេះ មានទន្លេបែកចេញជាច្រើន ជាប់ព្រំប្រទល់គ្នា រាល់សកម្មភាពការចុះនេសាទ ជាលក្ខណៈគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបងប្អូនប្រជាពលរដ្ឋឡាវ តែងតែមានការយោគយល់ នឹងមានការទំនាក់ទំនងល្អជាមួយគ្នាជានិច្ច ក្នុងការដោះដូរទំនិញគ្នាទៅវិញទៅមក៕