ត្រជាក់ខ្លាំងណាស់នៅប្រាសាទព្រះវិហារ សីតុណ្ហភាពធ្លាក់ចុះដល់១២ ឬ១៣អង្សាសេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2019 ក+ ក-

ដោយ ៖ កូវ ប៊ុនហេង

ព្រះវិហារ ៖ ប្រភពព័ត៌មាន បានឱ្យដឹងថា នៅតាមជួរភ្នំ ដងរែក ជាពិសេស នៅតំបន់ប្រាសាទព្រះវិហារ ជាប់ព្រំដែន ថៃ និងជាទូទៅនៅទូទាំងតំបន់វាលទំនាបក្នុងខេត្តព្រះវិហារ អាកាសធាតុបានបន្តចុះត្រជាក់ខ្លាំង ចាប់តាំងពីយប់ថ្ងៃទី៣ ដល់ទី៩ ខែធ្នូ ឆ្នាំ២០១៩ ដែលភាពចុះត្រជាក់ខ្លាំងបែបនេះ ខុសប្លែកកាលពីឆ្នាំ២០១៨។

មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ប្រចាំការនៅប្រាសាទព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ថា សីតុណ្ហភាពនៃអាកាសធាតុបានចុះត្រជាក់ខ្លាំងនៅពេលយប់ចន្លោះ ១០-១១អង្សាសេ និង ១៧-១៨ អង្សាសេ នៅពេលថ្ងៃរសៀល ដែលស្ថានភាពនេះបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី៣ ដល់ទី៩ ខែធ្នូ ឆ្នាំ២០១៩។ មន្ត្រីដដែលបន្តថា អាកាសធាតុនៅចុងឆ្នាំ២០១៩ នេះ ត្រជាក់ខ្លាំងជាងកាលពីឆ្នាំ២០១៨ ថែមទាំងលាយទ្បំទៅដោយការចុះអ័ព្ទ និងមានខ្យល់បក់ កាន់តែត្រជាក់ថែមទៀត ដែលធ្វើឲ្យពិបាកទ្រាំមែនទែន ហើយទាំងកងកម្លាំង និងប្រជាពលរដ្ឋបាននាំគ្នារកកន្លែងកំដៅ នឹងអង្គុយអាំងភ្លើងប្រើដោយអុស។

មន្ត្រីដដែលបានបន្តថា ចំណែកកងកម្លាំងឈរជើងនៅតំបន់ ប្រាសាទព្រះវិហារ មិនប្រឈមនឹងជំងឺអំពីការចុះត្រជាក់ខ្លាំង បែបនេះទេ ព្រោះរាជរដ្ឋាភិបាលបានចែកអាវរងាក្រាស់ៗ និង ថ្នាំសង្កូវជូនកងកម្លាំងជាប្រចាំរួចអស់ហើយ។

មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានឱ្យដឹងថា អាកាសធាតុចុះ ត្រជាក់នេះ បានកើតឡើងនៅទូទាំងខេត្ត ខុសគ្នាបន្តិចបន្តួចពីនៅតំបន់ប្រាសាទព្រះវិហារ គឺនៅពេលយប់ ១៣ ដល់១៥ អង្សាសេ និង ១៦ ដល់១៨ អង្សាសេ នៅពេលថ្ងៃរសៀល។ មន្ត្រីដដែលបានបន្តថា អាកាសធាតុចុះ ត្រជាក់បានអូសបន្លាយពេលវេលាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ហើយអាចបន្តរហូតដល់ថ្ងៃទី១៣ ខែធ្នូ ខាងមុខ ដូច្នេះសូម បងប្អូនត្រៀម អាវ រងារ និងត្រៀមបង្ការថែទាំសុខភាពឲ្យបានល្អ ជៀសវាងនូវការកើតជំងឺផ្សេងៗ ដែលបង្កឡើងដោយ អាកាសធាតុត្រជាក់ខ្លាំងបែបនេះ ៕