អាមេរិកប្រកាសបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ម្នាក់ និងសេដ្ឋីម្នាក់ នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2019 ក+ ក-

ដោយ ៖ ជុំ នរិន្ទ

ភ្នំពេញ ៖ ក្រសួងហិរញ្ញ​វ​ត្ថុអា​មេរិក បានសម្រេចដាក់ទណ្ឌក​ម្ម​ សេដ្ឋីកម្ពុ​ជា​ម្នាក់​ និងមន្ត្រីយោធា​ជា​ន់​ខ្ពស់កម្ពុជាម្នាក់ ព្រមទាំ​ង​ក្រុមគ្រួ​សា​រ ដោយចោទប្រ​កា​ន់ថា​ បានប្រព្រឹត្តអំពើពុ​ក​រ​លួយ ។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

គួរជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃទី០៩ ខែធ្នូ ចំថ្ងៃដែលប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រី ភាពគ្រុប និងលោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយចោទថា បានប្រព្រឹត្តអំពើពុករលួយ។ ក្រៅពីប្រទេសកម្ពុជា សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មដូចគ្នានេះ ទៅលើមន្រ្តីនៃប្រទេស ឡេតូនី និងវេណេស៊ុយអេឡា ផងដែរ។

ប្រតិកម្មទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ នេះ បានចេញសេចក្ដីថ្លែងការណ៍ សម្តែងនូវការខកចិត្តចំពោះការកំណត់ជ្រើសរើស ដោយបំពាននូវជនជាតិកម្ពុជា ដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកល ម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។

បើតាមវិទ្យុ VOA បាននិយាយបញ្ជាក់ដែរថា “ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានរៀបរាប់ថា ឧកញ៉ា ទ្រី ភាព បានប្រើប្រាស់បណ្តាញដ៏ធំ របស់គាត់នៅកម្ពុជា ដើម្បីបង្កើតក្រុមហ៊ុន ឈើហ៊ុបខុសច្បាប់ដោយឃុបឃិត ជាមួយនឹងមន្ត្រីកម្ពុជា ក្នុងនោះមានការទិញ ការការពារពីរដ្ឋាភិបាល ដែលមានក្រុមយោធាជាដើម ដើម្បីការពារសកម្មភាពលក់ដូរដោយខុសច្បាប់‍ ។ ចំណែក លោកនាយឧត្តមសេនីយ៍ គន់ គីម បានប្រើប្រាស់កងកម្លាំង ខេមរភូមិន្ទ ទៅគំរាមកំហែង កម្ទេចផ្ទះ និងឈូសឆាយដី តាមការចង់បានរបស់ក្រុមហ៊ុនចិន” ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានពន្យល់ពីទិដ្ឋភាច្បាប់ថា នៅពេលដែលបុគ្គលសាធារណៈរបស់ប្រទេសមួយ ត្រូវបានក្លាយជាកម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់ប្រទេសមួយទៀត ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពចំពោះឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃផ្សេងទៀត៕