ចាប់ខ្លួន​ជនជាតិ​ថៃ​ រួម​និង​ថ្នាំ​ញៀន​​ជិត​៨​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

​ខេត្តឧត្តរមានជ័យ​ ៖​ ​ កម្លាំង​នគរបាល​ជំនាញមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នៅ​ភូមិសាស្ត្រ​ខេត្ត​ខេត្តឧត្តរមានជ័យ​ រហូត​ចាប់​មេ​ខ្លោ​ង​ជួញដូរ​ចំនួន​២​នាក់​ ជា​ជនជាតិ​ថៃ​ ព្រមទាំង​រឹបអូស​ថ្នាំ​ញៀន​បាន​ជិត​ ៨​គីឡូក្រាម​។​

​ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ «​ក​៩»​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ ញៀន​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា​ (​ឆ្លងកាត់​តាម​ច្រកព្រំដែន​អូ​ស្មាច់​)​ ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ ប៉េង​ ម៉េ​ង​គ័ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​ចំណុច​ ផ្លូវជាតិ​លេខ​៦៨​ ស្ថិត​នៅ​ភូមិ​អូរ​ពក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ត​ ឧត្ដរមានជ័យ​។​

​ ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ឃាត់​បាន​រួម​មាន ​៖ ​ទី​១-​ឈ្មោះ​ ប្រាក់​ ស៊ុប​ ជនជាតិ​ថៃ​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ប្រាសាទ​ ស្រុក​កាប់​ជើង​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ទី​២-​ឈ្មោះ​ ណាត​ ថា​ភុ​ន​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ថៃ​ មុខរបរ​ ជាង​ជួសជុល​រថយន្ត​ រស់នៅ​ភូមិ​ប្រាសាទ​ ស្រុក​កាប់​ជើង​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​។​ ដោយឡែក​វត្ថុ​តាង​ជា​សារធាតុ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​០៨​ដុំ​ធំ​ ស្មើនឹង​ទម្ងន់​ ៧.៩៧៩,៥៦​ក្រាម​ និង​រថយន្ត​០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ បន្ត​ទៅ​តុលាការ​តាម​នីតិវិធី​៕​