អ្នកធ្វើត្រីប្រហុកនៅកំពង់ឆ្នាំងថា ទិន្នផលត្រីឆ្នាំនេះខ្សត់ជាងឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ រដូវ​កាល​ធ្វើ​ប្រហុក ផ្អក និងត្រីឆ្អើរបានមកដល់ ប្រជាពលរដ្ឋមកពីទីជិតទី​ឆ្ងាយ គឺបានប្រញាប់ប្រញាល់​មក​ទិញ​ត្រី​សម្រាប់​ទុក​ធ្វើ​ប្រហុក ដើម្បី​ទុក​បរិភោគ ​និង​ខ្លះ​ទៀតទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក ដើម្បី​យកទៅលក់​បន្ត​នៅតាម​ទីផ្សារ​។​

សម្រាប់ឆ្នាំនេះ​ ប្រជាពលរដ្ឋដែលជាអ្នកធ្វើប្រហុក ផ្អក និងត្រីឆ្អើនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងបានអះអាងថា ទិន្នផលត្រីដែលនេសាទបានឆ្នាំនេះខ្សត់ជាងមុន រីឯទំហំត្រីក៏តូចជាងឆ្នាំមុនផងដែរ។ ប្រជាពលរដ្ឋដដែលបន្តថា ដោយសារតែបរិមាណត្រីមិនសូវសំបូរបែបនេះហើយ បានធ្វើឲ្យមានការប្រជែងទិញពីសំណាក់ឈ្មួញធ្វើប្រហុកយកទៅលក់​បន្ត​នៅតាម​ទីផ្សារ​បានធ្វើឲ្យតម្លៃត្រីក៏មានការឡើងថ្លៃដែរ។

គួរបញ្ជាក់ថា រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​មានបំណង​ធ្វើ​ប្រហុក​ ផ្អក​ និង​ត្រីឆ្អើរ​ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ​ អាច​ទិញ​ត្រី​ឲ្យបាន​រួស​រាន់ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែធ្នូ ដែលជាអំឡុង​ពេលមួយដែលទិន្នផល​ត្រី​ បាន​មក​ពី​ការ​នេសាទ​មាន​ច្រើន​៕