ខ្លែងឯកខេត្តកំពង់ឆ្នាំង ជាប់លេខ២ក្នុងចំណោមខ្លែង២៥ខេត្តក្រុងចូលរួមប្រកួតនៅខេត្តកោះកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ ខ្លែងឯកខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ២ក្នុងចំណោមខ្លែងដែលបានចូលរួមទាំង ២៥រាជធានី ខេត្ត ក្រុង ក្នុងមហោស្រពបង្ហើរខ្លែងខ្មែរលើកទី ២៣ នៅខេត្តកោះកុង ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី ១១ខែធ្នូនេះថា៖ មន្ត្រីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ចំនួន ៤ រូបដឹកនាំដោយអនុប្រធានមន្ទីរបាននាំយកខ្លែងខ្មែររបស់ខេត្តកំពង់ឆ្នាំងទៅចូលរួមការប្រកួតថ្នាក់ជាតិដែលរៀបចំឡើងដោយក្រសួងក្នុងរយៈពេលមួយព្រឹក ថ្ងៃទី១១ ខែធ្នូ នៅខេត្តកោះកុងជាលទ្ធផលខ្លែងខ្មែរ របស់ខេត្តកំពង់ឆ្នាំងទទួលចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីខេត្តតាកែវលេខ ១ ខេត្តកោះកុងនិងខេត្តមណ្ឌលគិរីទទួលចំណាត់ថ្នាក់លេខ ៣ស្ទួន។ កន្លងទៅខេត្តកំពង់ឆ្នាំងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ នៅរាជធានីភ្នំពេញនិងលេខ ៣ នៅខេត្តស្វាយរៀង ចំណែកលើក នេះទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ២៥រាជធានីខេត្ត ។

នេះបានបង្ហាញថាខេត្តកំពង់ឆ្នាំងមិនអន់ប៉ុន្មាននោះទេ ក្នុងការធ្វើក្លែងទៅចូលរួមប្រកួត ដោយទទួលបានចំណាត់ថ្នាក់ជារៀងរាល់ឆ្នាំ។ខ្លែងដែលជាប់ចំណាត់ថ្នាក់ ក្រសួងបានដកហូត ទុកតាំងពិពណ៌ខ្លែងថ្នាក់ជាតិ ចំណែក សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត តាមរាជធានីខេត្តនឹងត្រូវធ្វើក្លែងថ្មី ។ ចំពោះការឲ្យពិន្ទុនៃការបង្ហោះខ្លែងដែល លោកធ្លាប់បានដឹងតាមរយៈគណៈកម្មការឲ្យពិន្ទុៈក្លែង ទី១សោភ័ណភាពទី ២ ការហោះឡើង ទី២.ការហោះសំកាំងនិងទី៤ សម្លេងឯករបស់ខ្លែង ពិរោះឬមិនពិរោះ ។ ខ្លែងខ្មែរ ឬខ្លែងឯក ឬខ្លែងនគរភ្នំ (ជាខ្លែងតែមួយ ព្រោះនៅពេលខ្លែងខ្មែរ បំពាក់ដោយ អណ្តាតសម្រាប់បញ្ចេញសម្លេង “ឯក” គេហៅខ្លែងឯក និងក្រោយមកជនជាតិបារាំង ដាក់ឈ្មោះខ្លែងខ្មែរមិនច្បាស់ ទៅជាខ្លែងភ្នង ទើបក្លាយជាខ្លែងនគរភ្នំទៅ ។

លោកសុខធួកបានរំលឹកពេលប្រវត្តិខ្លែងខ្មែរឬខ្លែងឯកនេះថា៖ កាលដើមឡើយមានស្ដេចពីរអង្គជាបងប្អូននឹងគ្នា ។ក្រោយមកស្ដេចមួយអង្គបានសុគតទៅ ។ដោយសារក្តីស្រលាញ់និងអាឡោះអាល័យចំពោះបងប្អូនស្ដេចដែលនៅមានព្រះជន្មបានធ្វើខ្លែងឯកនេះបង្ហោះឡើងដើម្បីរំលឹកដល់បងប្អូនដែលបានសុគត ។ទើបតំណរក្រោយមក ខ្មែរយើងបានចាត់ទុកខ្លែងខ្មែរ នោះជាទង់ព្រលឹង អ្នកដែលបានស្លាប់ទៅ។  ហេតុនេះហើយនៅពេលមានមនុស្សស្លាប់ខ្មែរយើង ជំនាន់នោះ ដល់បច្ចុប្បន្ន តែងតែដោតទង់នៅមុខផ្ទះដែលមានមនុស្សស្លាប់ ។ កាលជំនាន់ដើម ខ្មែរយើងតែងនិយមបង្ហោះខ្លែងឯក នេះណាស់ ប៉ុន្តែកាលណោះខ្មែរយើងប្រកាន់ណាស់ នៅពេលដែលមានខ្លែងឯក ធ្លាក់ចំផ្ទះណា ផ្ទះនោះ នឹងត្រូវនិងមន្តព្រះសង្ឃ៧ វត្តដើម្បីរំដោះគ្រោះចង្រៃ ។  ប៉ុន្តែបច្ចុប្បន្នជំនឿបែបនេះត្រូវបានសាបរលាបអស់ទៅហើយ ។ជាចុងក្រោយលោកបានបញ្ជាក់ថា ខ្លែងឯក ឬខ្លែងខ្មែរ ត្រូវបានគេទទួលស្គាល់ពេញពិភពលោក ថាជារបស់ខ្មែរ ប៉ុន្តែនៅមិនទាន់បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចខ្លែងព្រះខែ របស់ប្រទេសម៉ាឡេស៊ី នៅឡើយទេ ៕