សត្វផ្សោតក្នុងអន្លង់កាំពី ខេត្តក្រចេះ កើតកូនមួយក្បាលថ្មីទៀត ជាកូនទី១៣នៅក្នុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ខេត្តក្រចេះ ៖ កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា គឺទើបនឹកើត និងកំពុងរស់នៅ ក្នុងអន្លង់ផ្សោតកាំពី ស្ថិតនៅក្នុងឃុំសំបុក ស្រុកចិត្របុរី។

ការអះអាងរបស់មន្ត្រីជំនាញ នេះ គឺនៅក្រោយពីមន្ត្រីអភិរក្សបានប្រទះឃើញកូនផ្សោតមួយក្បាលថ្មីនេះ កំពុងហែលក្នុងទឹកទន្លេមេគង្គខេត្តក្រចេះ ជាមួយនិងផ្សោតមេធំមួយក្បាល កាលពីរសៀលថ្ងៃទី១០ ខែធ្នូ នេះ ហើយក្រុមមន្រ្តីអភិរក្ស បានសន្និដ្ឋានថា កូនផ្សោតតូចមួយក្បាលនេះ គឺទើបនឹងកើតក្នុងអំឡុងរយះពេលប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។ ដោយសារផ្សោតនៅតូច ទើបក្រុមមន្រ្តីជំនាញមិនអាចពិនិត្យដឹងថា ជាញី ឬក៏ឈ្មោលនៅឡើយទេ។

សព្វថ្ងៃទន្លេមេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំងនោះមានដូចជា អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានសត្វផ្សោតរស់នៅច្រើនជាងគេក្នុងចន្លោះចាប់ពី២០ទៅ ៣០ក្បាល។

នាយរងខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លង បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ នេះថា រាប់ទាំងកូនផ្សោតមួយក្បាលដែលក្រុមមន្រ្តីរបស់លោក បានប្រទះឃើញនេះផង គឺវាជាកូនផ្សោតក្បាលទី១៣ ដែលបានកើតនៅក្នុងតាមបណ្តាអន្លង់ទន្លេមេគង្គ ខេត្តក្រចេះ ក្នុងឆ្នាំ២០១៩ នេះ ខណៈការងាប់ របស់សត្វផ្សោតតូចធំៗ បង្កដោយសារជំងឺ ឈឺចាស់ និងដោយសារកត្តាផ្សេងៗក្នុងឆ្នំា២០១៩ គឺមានចំនួន ៦ក្បាល៕