យុវសិស្សក្រីក្រនៅទីដាច់ស្រយាលម្នាក់ទទួលបានការឧបត្ថម្ភពីឧត្តមសេនីយ៍ឯក ស្រី ឌឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ដោយ ៖ ពិសិដ្ឋ

ខេត្តព្រះវិហារ ៖ កង់១គ្រឿង និងសម្ភារៈសិក្សាមួយចំនួនដែលជាអំណោយផ្ទាល់របស់លោកឩត្តមសេនីយ៍ឯក ស្រី ឌឹកមេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាកាកងពលធំអន្តរាគមន៍លេខ៣ ផ្តល់ជូនសិស្សទីទាល់ក្រតាមរយៈលោកឩត្តមសេនីយ៍ទោ ជូរ តុងអាន មេបញ្ជារងកងពលធំលេខ៣ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឩត្តមសេនីយីឯក ស្រី ឌឹក​។

ការផ្តល់ជូននេះ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមដោះស្រាយរឿងរ៉ាវវិវាទដីធ្លីជូនលោកគ្រូ អ្នកគ្រូ នៃសាលាអនុវិទ្យាល័យខេរៈតេជោ បានបញ្ចប់ដោយទទួលបានជោគជ័យ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រួចមក និងក្រោយហើយទទួលបានព័ត៌មានពីសំណាក់លោកនាយក សាលាអនុវិទ្យាល័យខេមរៈតេជោ នោះថា មានយុវសិស្សក្នុងគ្រួសារក្រីក្រម្នាក់ដែលរស់នៅភូមិអន្លុងវែង ឃុំកន្ទួត ស្រុកជាំក្សាន្ត គេចង់បោះបង់លែងមកសិក្សាដោយសារខ្វះមធ្យោបាយ(កង់)ជិះមករៀន។ ក្រោយពីទទួលបានដំណឹងនេះ លោកឩត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាកាកងពលធំអន្តរាគមន៍លេខ៣ លោកក៏បានជួយឩបត្ថមកង់១គ្រឿង និងសម្ភារៈសិក្សាមួយចំនួន ជូនដល់សិស្សដែលខ្វះខាតខាងលើនេះផងដែរ។

លោកឩត្តមសេនីយ៍ទោ ជូរ តុងអាន មេបញ្ជាការងកងពលធំអន្តរាគមន៍លេខ៣ បានធ្វើកាផ្តាំផ្ញើដល់សិស្សដែលទទួលបានកង់នឹងសម្ភារៈសិក្សានាពេលនោះថា ក្រោយពីប្អូនទទួលបានកង់នេះហើយ ធ្វើយ៉ាងណាប្អូនត្រូវខិតខំសិក្សារៀនសូត្រអោយបានចប់ចុងចប់ដើម ក្រេបយកចំណេះវិជ្ជា ព្រោះចំណេះ វិជ្ជា វាគឺជាទ្រព្យជាប់នឹងប្រាណ ចោរលួចក៏មិនបាន ចាយច្រើនរឹតតែចំរើនឡើង ។ លោកបញ្ជាក់ទៀតថា ព្រោះវ័យរបស់ប្អូននេះ ជាវ័យកំពុងសិក្សា ហើយប្អូនប្រៀបបានជាទំពាំងដែលស្នងឫស្សី ដោយបច្ចុប្បន្នប្រទេសជាតិ កំពុងរីកចម្រើនហើយក៏គេត្រូវការអ្នកចេះដឹង ដើម្បីចូលរួមបន្តដឹកនាំប្រទេសអោយទាន់យុគ្គសម័យជឿនលឿន ដើម្បីប្រកួតប្រជែងលើពិភពលោកនោះ។

លោក ក៏បានលើកឡើងថា បើប្អូនឈប់រៀនព្រោះតែភាពខ្វះខាត គឺអនាគតទៅ ក៏នៅតែក្រដដែល តែបើប្អូនមានចំណេះដឹងខ្ពង់ខ្ពស់ ប្អូនអាចក្លាយការចេះដឹងនេះ ឲ្យទៅជាទ្រព្យសម្បត្តិ ឬក៏អាចក្លាយជាអ្នកដឹកនាំម្នាក់ ក៏អាចថាបានដែរ។ ជាងនេះទៀត ប្អូនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះបើទូកជាប្អូនមានចំណេះដឹងប៉ុណ្ណាក៏ដោយ បើប្រព្រឹត្តគ្រឿងញៀនហើយនោះ វានឹងធ្វើបំផ្លាញអនាគតជាមិនខាន៕