ក្រុមហ៊ុនមួយរបស់ជប៉ុន បន្ថែមទុន៤០០លានដុល្លារផលិតសម្ភារៈក្មេងលេង និងអំពូលវៃឆ្លាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ភ្នំពេញ ៖  ប្រធានក្រុមហ៊ុនជប៉ុន  មីនីបៀ លោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ថា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនបានបន្ថែមវិនិយោគរហូតដល់ ៤០០លានដុល្លារអាមេរិក ដោយបន្ថែមការផលិតសម្ភារៈក្មេងលេង និងអំពូលវៃឆ្លាត លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងឲ្យដឹងនៅក្រោយជំនួបនោះថា លោក កៃនូម៉ា ឆ្នាំ២០១៩នេះ ទុនវិនិយោគបានរីកឡើងទៅដល់រហូតដល់ ៤០០លានដុល្លារសហរដ្ឋអាមេរិក គ្រាដែលឆ្នាំ២០១៨ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន ៣៧២លានដុល្លារ ។ ក្រុមហ៊ុន មីនីបៀ របស់ជប៉ុន ដែលជាក្រុមហ៊ុនផលិតម៉ូទ័រ រឺបន្ទះឈីបនៅកម្ពុជា ទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះគឺនឹងបិតស្លាកថា Madia in cambodia សម្រាប់នាំចេញទៅទូទាំងពិភពលោក។ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករចំនួន៧ពាន់នាក់ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់សម្រាប់បម្រើការងារនៅក្នុងរោងចក្រ។ កម្មករទាំងនោះ បានមកពីខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមអំពូលវៃឆ្លាតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកន្លងមកអំពូលវៃឆ្លាតនេះ បានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប បានចំនួន៦៨៩២គ្រឿង។

ទន្ទឹមនេះ ផលិតផលនេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ២ម៉ឺនអំពូល  ហើយនៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ អំពូឡវៃឆ្លាតនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ លោក កៃនូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផងដោយការប្រើប្រាស់ភ្លើងឆ្លាត នៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។

សម្តេចតេជោ បញ្ជាក់ថា កាលដើមឡើយ ក្រុមហ៊ុន មីនីបៀ គឺជាក្រុមហ៊ុនតូចមួយ តែពេលនេះក្រុមហ៊ុន មីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់ និងឈានរហូតដល់ ២ម៉ឺននាក់ នាពេលខាងមុខ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា និងការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។

ពាក់ព័ន្ធទៅនឹងការផលិតឧបករណ៍ល្បែងកំសាន្ត សម្ដេចបានបង្ហាញមោទនភាព ដែលកម្ពុជាបានឈានដល់ការផលិតឧបករណ៏នេះ និងនាំចេញទៅប្រើប្រាស់នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាកំពូលឆ្លាត សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតអំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។ កម្ពុជានឹងអាចប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុ ដើម្បីជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនីផង ជួយបរិស្ថានផង និងលើកទឹកចិត្តក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕