រថយន្តដឹកប្រេងក្រុមហ៊ុន Savimex បុកម៉ូតូរុញចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំ និងរបួសម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ផ្ញាក់ផ្អើលមួយបានកើតឡើង បង្កដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន Savimex មួយគ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលបុកបុរសម្នាក់កំពុង ជិះម៉ូតូពីមុខបណ្តាលឲ្យរងរបួស រួចបួងចង្កូតគេចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានជិះម៉ូតូឌ្រឹមសង់មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្របពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនSavimex មួយគ្រឿង បានបើកបរស្របទិសគ្នាជាមួយម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយដោយជាន់ហ្វ្រាំងមិនសុីបានជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានរេចង្កូតមកស្តាំដៃបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចអស់មួយខ្នង ធ្វើឲ្យក្បាលរថយន្តគៀបជាប់ជាមួយជញ្ជាំងផ្ទះបន្តដំណើរទៅមុខលែងរួច។  ភ្លាមៗនោះដោយសារឃើញសភាពអ្នកជិះម៉ូតូរងរបួសធ្ងន់ទើបតៃកុងរថយន្តបានចុះពីលើករថយន្តរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងដោយសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែង ប៉ុន្តែដោយសារភាគីបង្កបានសុំសម្របសម្រួលដោយបានសងសំណងទៅឲ្យម្ចាស់ផ្ទះចំនួន៩៥០ដុល្លារនឹងភាគីម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕