កម្ពុជា បំពាក់គ្រឿងឥស្សរិយសជូនឯកអគ្គរដ្ឋទូតរដ្ឋអ៊ិស្លាមប៉ាគីស្ថាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយប្រមុខការទូតកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ បានប្រារពពិធីបំពាក់គ្រឿងឥស្សរិយសមេដាយ សហមេត្រី ថ្នាក់មហាសេនា ជូនដល់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិការទូតប្រចាំនៅកម្ពុជា។

បើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់មេដាយសហមេត្រីថ្នាក់មហាសេនាជូន លោក Amjad Ali Sher ឯកអគ្គរដ្ឋទូតប៉ាគីស្ថានចប់អណត្តិការទូតនៅកម្ពុជា។ អគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជានិងជាព្រឹទ្ធទូត ដែលជាអគ្គរដ្ឋទូតកាន់តំណែងយូរជាងឯកអគ្គរដ្ឋទូតបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា។

ក្នុងតំណែងជាឯកអគ្គរដ្ឋទូតពេលជាង៦ឆ្នាំនៅកម្ពុជា លោកបានខិតខំប្រឹង ប្រែងធ្វើឲ្យសហការនៃទំនាក់ទំនងទ្វេភាគីទាំងផ្នែកការទូតនិងនយោបាយសេដ្ឋកិច្ច. សង្គមរវាងកម្ពុជនិងប៉ាគីស្ថាន ដោយជំរុញឲ្យមានការផ្លាស់ប្ដូរវប្បធម៌.សាសនាទាំងពីរកម្ពុជា-ប៉ាគីស្ថាន។ ជាពិសេសលោកអគ្គរដ្ឋទូតបានជំរុញលើកទឹកចិត្តឲ្យមានធម្មយាត្រា ផ្នែកព្រះពុទ្ធសាសនាពីកម្ពុជាទៅប្រទេសប៉ាគីស្ថាន ដែល ជាការផ្លាស់ប្តូរវប្បធម៏នៃប្រទេសទាំងពីរ។ ដោយសារតែលោកអគ្គរដ្ឋទូតមានស្នាដៃច្រើនដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បំពាក់គ្រឿងឥស្សរិយយសមេដាយ សហមេត្រីថ្នាក់មហាសេនាជូនឯកអគ្គរដ្ឋទូតពេលចប់អាណិត។

នៅក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានបានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេស ដែលបានបំពាក់មេដាយកិត្តិយស ជូនលោកជាការផ្ដល់តម្លៃដ៏ខ្ពង់ខ្ពស់ ការងារ នាពេលកន្លងមក ដែលខិតខំធ្វើឲ្យទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ទោះបីជាលោកបញ្ចប់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ក៏លោកនៅតែបន្តខិតខំបន្តជម្រុញឲ្យទំនាក់ទំនងការទូត នៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន រឹងមាំជាបន្តបន្ទាប់៕