មជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តខណ្ឌឫស្សីកែវ បើកដំណើរហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានបើកឱ្យប្រើប្រាស់ មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឬហៅថា ឆៀក នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាផ្លូវការហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មន្ត្រីរាជការ និងភាគីពាក់ព័ន្ធ ជាច្រើនទៀត។

មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មីនេះ មានទំហំដីប្រមាណជិត១ហិកតា ចាប់ផ្តើមសាងសង់ក្នុងខែមីនា និងចប់សព្វគ្រប់នៅ ចុងខែសីហា ឆ្នាំ២០១៩ ទាំងសំណង់អគារ និង ការបំពាក់ឧបករណ៍ឆៀកចំនួន៣ខ្សែ ស៊េរីឆ្នាំ២០១៩ ផលិតនៅប្រទេសចិន ក្នុងនោះឧបករណ៍ឆៀកមាន៨ប្រភេទ ៖ ឧបករណ៍វាស់ផ្សែងសាំង វាស់ផ្សែង ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំងហ្វ្រាំង និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ សេវាចាំបាច់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង ឆាប់ រហ័ស ជូនបងប្អូនប្រជាពលរដ្ឋនិងការផ្តល់សេវាផ្សេងៗទៀត ដូចជាការដាក់ឱ្យដំណើរការមណ្ឌលប្តូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ប្តូរ ឬ ពន្យាបណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ចុះបញ្ជីយានយន្ត ការស្នើសុំឆៀករថយន្ត តាមប្រព័ន្ធអនឡាញអាចឱ្យប្រជាពលរដ្ឋស្នើសុំពេលវេលា ថ្ងៃខែដើម្បីទទួលសេវាឆៀក។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងនឹងបន្តខិតខំរកនីតិវិធីផ្សេងទៀតដើម្បីផ្តល់សេវាងាយស្រួលជូនប្រជាពលរដ្ឋ និងបន្តសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា៖ ការពង្រីកនិងពង្រឹងគុណភាពផ្លូវ ការសាងសង់ស្ពាន និងកំពង់ផែ ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូន មានភាពប្រកួតប្រជែង អាចដឹកជញ្ជូនបានក្នុងតម្លៃថោក និងអាចទាក់ទាញ វិនិយោគិនបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងសូមឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវប្រើគ្រឿងស្រវឹង និង ទូរស័ព្ទពេលកំពុងបើកបរ ហើយយករថយន្តរបស់ខ្លួនទៅឆៀកឱ្យបានទៀងទាត់តាមច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

លោកទេសរដ្ឋមន្ត្រី បានជម្រុញឱ្យក្រុមហ៊ុន CMVIC ខិតខំប្រឹងប្រែងផ្តល់សេវា ឱ្យបានល្អ មានតម្លាភាព ប្រសិទ្ធភាព ស្មើភាពគ្នា និងខិតខំស្វែងរកបង្កើតមណ្ឌល ឆៀកបន្ថែមទៀត នៅតាមខេត្ត ដើម្បីបង្វិតសេវានេះ ទៅកៀកនឹងប្រជាពលរដ្ឋនិងបានស្នើឱ្យមន្ត្រីក្រសួង សហការជិតស្និទ្ធជាមួយដៃគូផ្នែកឯកជន ដើម្បីពង្រឹងនិងពង្រីកសេវាសាធារណៈនេះ ឱ្យបានល្អជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានមណ្ឌលឆៀកយានយន្តសរុប១៣កន្លែង និងឆៀកចល័ត៣គ្រឿង ក្នុងនោះ រាជធានីភ្នំពេញមាន៤កន្លែង និង៩កន្លែងនៅតាមខេត្ត ដូចជាបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរីនិងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត៣គ្រឿងកំពុងធ្វើប្រតិបត្តិការឆៀក របស់ខ្លួននៅតាមខេត្តឆ្ងាយៗមួយចំនួនដែលមិនទាន់មានមណ្ឌលឆៀកនៅឡើយ៕