លោក អ៊ុន ចាន់ដា ៖ ឆ្នាំ២០២៥ ពលរដ្ឋនៅតាមសហគមន៍ ជនបទនឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបើកអង្គសន្និសីទប្រចាំឆ្នាំ លើកទី១ ក្រោមប្រធានបទអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាពការងារវិស័យទឹកស្អាត និងអនាម័យជនបទដែលបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយអង្គការដៃគូ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ថ្លែងក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលបានកំណត់ថា៖ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តរភាព។

ដើម្បីសម្រេចឲ្យបានតាមទិសដៅនៃគោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមអភិបាលខេត្ត បាន ផ្តល់នូវ អនុសាសន៍ ថា ៖ ១- មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ ។
២- លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ ២០២០ទៅ ។
៣- មេឃុំ មេភូមិនីមួយៗត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឲ្យបានច្បាស់លាស់ជារៀងរាល់ខែ ។
៤- ត្រូវរួមសហការគ្នាឲ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គការដៃគូរ។
៥- អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាមដានជាប្រចាំអំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀងរាល់ខែ ។
៦- ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុក និងឃុំ។

តាម របាយការណ៍ របស់ លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានគូសបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើប្រាស់) មានចំនួន១៧៩.៩៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះដែលទទួបានសេវាទឹកស្អាតប្រើប្រាស់មានចំនួន១ ៩២,៤០១ខ្នងផ្ទះ ស្មើ ៧២% ។

ដូច្នេះ ផ្នែកអនាម័យយើងនៅខ្វះ ៣៣% ទៀត ហើយផ្នែកទឹកស្អាតយើងនៅខ្វះ ២៨% ដោយ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គឺ មាន រយៈពេល ៦ឆ្នាំ ទៀត ដែល ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ៕