សម្តេចតេជោ ស្នើឲ្យក្រុមហ៊ុនស្មាតពង្រីកវិសាលភាពទៅដល់ទីជនបទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ធ្នូនេះ បានអនុញ្ញាតឲ្យលោក តាន់ស៊្រី ចាម៉ា លូឌីន អ៊ីប្រាហ៊ីម ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Axiata group Berhad រួមនិងនាយកប្រតិបត្តិ ក្រុមហ៊ុន smart axiata នៅកម្ពុជា ចូលជួបសំដែងការគួរសម។ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យ ក្រុមហ៊ុនស្មាត ពិចារណា ពង្រីកវិសាលភាពរបស់ក្រុមហ៊ុននៅក្នុងដណ្ដប់ទៅលើទីជនបទ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថាក្នុងជំនួបនេះ តាន់ស៊្រី បាន គោរពរាយការណ៍ជូនសម្ដេចតេជោថា ក្រុមហ៊ុនស្មាត បានបោះទុនវិនិយោគ នៅកម្ពុជាអស់ ១. ៤០០ លានដុល្លារ ហើយក្រុមហ៊ុនកំពុងតែមានគម្រោងបង្កើត វិនិយោគថែមទៀតនោះ គឺការ វិនិ យោគ ទៅលើបច្ចេកវិទ្យាថ្មី ទំនើបដូចជាប្រពន្ធហ្វាយជី (5G) ផងដែរ។ តាន់ស៊្រី បានបន្តថា ការ វិនិយោគរបស់ក្រុមហ៊ុនស្មាត គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ គឺដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមកម្ពុជាផងដែរ។ ជាអាទិ៍ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងច្រើនទៅលើវិស័យអប់រំនិងវិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាននិងកីឡាផងដែរ។ លោកតាន់ស៊្រី បានគោរពជម្រាបជូនសម្ដេច ផងដែរថាក្រុមហ៊ុន នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនទៀតទៅគ្របដណ្តប់នៅតាមទីជនបទ។ ពីនោះទៅទៀត តាន់ស៊្រី ក៏បានស្នើសុំអនុសាសន៍ ដ៏ខ្ពង់ខ្ពស់អំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុន អាច ចូលរួមចំណែកកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះតាន់ស៊្រី និងក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុង ការ អភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យអប់រំ វិស័យបរិស្ថាន វិស័យសុខាភិបាលជាដើម។ សម្ដេចបាន ផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន ពិចារណា ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន នៅក្នុងដណ្ដប់ទៅលើទី ជនបទ ឲ្យបានច្រើនជាទីបំផុតព្រោះប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្សកម្ពុជាត្រូវការបច្ចេក វិទ្យា នេះ ដើម្បីស្រូបយកចំណេះដឹងថែមទៀត។ សម្ដេចតេជោ ក៏បានស្នើសុំឲ្យក្រុមហ៊ុនពិចារណា ផងដែរ ក្នុងការជួយដល់សាលារៀនក៏ដូចជាមន្ទីរពេទ្យ ដើម្បីឲ្យគ្រូបង្រៀន និងសិស្ស មានឱកាស បាន ប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រូបយកចំណេះវិជ្ជា ផងដើម្បីស្វែងយល់អំពី កត្តាសង្គមផ្សេង ៗ ទៀតផង ហើយតាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននេះ អាចទាក់ទាញការ ចាប់ អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធស្មាតដែលមានស្រាប់នេះ ៕