អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូទីក្រុងណាំយ៉ាងជូ របស់កូរ៉េខាងត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ គណៈប្រតិភូទីក្រុង ណាំយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ចូលជួបសម្ដែងការគួរសម នឹងពិភាក្សាការងារជាមួយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូទីក្រុងណាំយ៉ាងជូ របស់កូរ៉េខាងត្បូងគោលបំណងរបស់គណៈប្រតិភូទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ នាពេលនេះគឺដើម្បីផ្សារភ្ជាប់ចំណង​មិត្តភាពរវាង​ខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ ។

បន្ថែមលើនៅការផ្សារ​ភ្ជាប់ចំណង​មិត្តភាពរវាងខេត្តទាំងពីរ ទីក្រុងណាមយ៉ាងជូក៏មានគោលបំណង​ដើម្បីអញ្ជើញគណៈប្រតិភូខេត្តកំពង់ចាម ទៅចូលរួមទស្សនកិច្ចនៅទីក្រុងរបស់ខ្លួននាពេលខាងមុខផងដែរ ។

ព្រមទាំងពិភាក្សាទៅ​លើការងារអភិវឌ្ឍន៍ក្នុងទីក្រុងខេត្តកំពង់ចាម ដើម្បីឱ្យខេត្តកំពង់ចាម មានការរីកចម្រើនទៅមុខជាលំដាប់។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាល​ខេត្តកំពង់ចាមមានប្រសាសន៍ឆ្លើយតបទៅនិងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េផងដែរឲ្យដឹងថា ខេត្តកំពង់ចាម គឺជាខេត្តដែលកំពុងផ្អែកទៅលើវិស័យកសិកម្ម ដូចមានដំណាំរួមផ្សំជាច្រើន រួមមានកៅស៊ូ ម្រេច ពោតសណ្ដែក និងដំណាំជាច្រើនមុខទៀត ។

តម្លៃដំណាំស្រូវ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ចាមផងដែរ។ លោកបានស្នើទៅដល់គណៈប្រតិភូនៃទីក្រុងណាមយ៉ាងជូ សូមជួយផ្សព្វផ្សាយដល់អ្នក​វិនិយោគិនដែលមានគោលបំណងចង់វិនិយោគក្នុងទឹកដីខេត្តកំពង់ចាម លោករីករាយនឹងទទួលយក៕ ដោយ : ប៉ែន សុផល