រឿងល្បីក្រៅឆាក ! នាយចឺម រងរបួ​សបែកក្បាល ព្រោះឆាតសារសងជាមួយសង្សារគេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2019 ក+ ក-

ខេត្តប៉ៃលិន ៖ តារាកំប្លែង និងចម្រៀង សុខ មេសា រហស្សនាម នាយចឺម ត្រូវបានយុវជនម្នាក់យកដំបងឈើវាយឲ្យេបួសក្បាល និងដៃជាច្រើនកន្លែង នៅវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវគេវាយឲ្យរបួសនោះឈ្មោះ សុខ មេសា ហៅ នាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀង ប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ដោយឡែក យុវជនដៃដល់ក៏សង្ហារមិនចាញ់ នាយចឺម ប៉ុន្មានទេ គេឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបន្តថា ជនដៃដល់ ង៉ែត លីទី បានយកកំណាត់ឈើប្រវែងប្រហែល ១ម៉ែត្រ ទៅវាយលើជនរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែងដូចជា កំភួនដៃទាំងសងខាង និងបែកក្បាលដេរ ៥ថ្នេរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង។

យុវជន ង៉ែត លីទី ប្រាប់ថា ខ្លួនប្រច័ណ្ឌខឹងជាខ្លាំងពេក ព្រោះ «នាយចឺម» បានឆាតហ្វេសប៊ុក សាងសងអូសទាញស្នេហាទៅរកសង្សារបស់ខ្លួនជាញឹកញាប់។

បច្ចុប្បន្ន យុវជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ជាបណ្តោះអាសន្ន ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី តែរឿងហេតុលម្អិតយ៉ាងណាទៀតនោះ សមត្ថកិច្ចមិនបានបញ្ជាក់ទេ។

ចំណែក លោក សុច មេសា ហៅនាយចឺម ភ្នាក់ងារព័ត៌មានមិនអាចទាក់ទងដើម្បីសុំការពន្យល់ពាក់ព័ន្ធនឹងរឿងដ៏អាម៉ាស់ដូចខាងលើនេះបាននៅឡើយទេ ព្រោះអ្នកដែលស្គាល់លោក សុខ មេសា មិនហ៊ានប្រាប់លេខទូរស័ព្ទ៕