ប្រធានសភាកម្ពុជា អរគុណភាគីស៊ុយអ៊ែត ដែលជួយអភិវឌ្ឍន៍វិស័យជាច្រើននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ជាការពេញចិត្ត ណាស់ ដែលប្រទេសស៊ុយអ៊ែត បានជួយក្នុងការអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម ហើយកម្ពុជា ចង់ឱ្យស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍនៅកម្ពុជា។ លើកឡើងបែបនេះ បានធ្វើឡើងនៅកុ្នងជំនួបពិភាក្សាជាមួយ លោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះនៅវិមានរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានសម្តែងការពេញចិត្ត និងគំាទ្រចំពោះលទ្ធផល ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជា និងស៊ុយអ៊ែតសម្រចបាននាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេសស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស៊ីដា ដែលបានចូលរួមជួយ អភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យមដល់កម្ពុជា។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិនៃបេសកកម្ម ការទូតរបស់ ឯកឧត្តម ប៊ីចូន ហេកម៉ាគ ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្អិតល្មួតជា មួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេច ប្រធានរដ្ឋសភាកម្ពុជា និងបានគូសបញ្ជាក់ពីជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា មានដូចជាជួយដល់សាលាក្តីមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ និងវិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏រឹងមាំរបស់
ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ ហើយថាប្រទេសស៊ុយអ៊ែតសូមសន្យា ចំពោះការបន្តការគំាទ្រដល់កម្ពុជា។
លោក ប៊ីចូន ហេកម៉ាគ មានប្រសាសន៍ថា កម្ពុជា និងស៊ុយអ៊ែត ជាដៃក្នុងការដោះស្រាយញ្ហារួម
មួយចំនួនដែលមានដូចជា ការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជា ដើម៕