តារាកំប្លែង នាយចឺម នៅតែទារជំងឺចិត្ត៣ម៉ឺនដុល្លារ តែជនដៃដល់ហ៊ានត្រឹម១ម៉ឺនដុល្លារ(Vidéo)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2019 ក+ ក-

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ករណីតារាចម្រៀងវ័យ ២២ឆ្នាំ របស់ផលិតកម្មសាន់ដេឈ្មោះ សុខ មេសា ហៅ នាយចឺម ដែលត្រូវបានបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់ បានវាយបណ្តាលអោយបែកក្បាល របួសដៃ ជើង ព្រមទាំងបែកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង នៅតែទារសំណងជំងឺចិត្ត 3ម៉ឺនដុល្រារមិនមានការប្រែប្រួលទេ ហើយរហូតមកដល់ពេលនេះ ក៏មិនមានការអន្តរាគមន៍ដើម្បីជួយដល់ជនបង្កនោះដែរ តែសុំសងត្រឹម 1ម៉ឺនដុល្លារប៉ុណ្ណោះ

លោកវរសេនីយ៍ទោ រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានរំលឹកហេតុការណ៍ថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយ កើតឡើងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបង្កឡើងដោយឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ក្នុងក្រុមបឹងកេត រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ បានប្រើប្រាស់កំណាត់ឈើវាយជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាកំប្លែង និងចម្រៀង រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសីខេត្តកំពង់ស្ពឺ បណ្តាលអោយមានរងរបួសដៃ និងបែកក្បាលដេរ ៥ថ្នេរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង។

លោកអធិការស្រុក បានបន្តថា ក្រោយការបង្កហេតុ សមត្ថកិច្ចស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងនាំខ្លូនភាគីទាំងពីរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយសម្រុះសម្រួលគ្នា ប៉ុន្តែមិនបានជោគជ័យនោះទេ រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានរៀបចំសំណុំរឿង និងបញ្ជូនជនដៃដល់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ព្រោះថា ភាគីជនរងគ្រោះ នៅតែទាមទារសំណងជំងឺចិត្តយ៉ាងម៉ឺងមាត់ចំនួន ៣ម៉ឺនដុល្លា ប៉ុន្តែខាងភាគីជនបង្កបានព្រមសងត្រឹមចំនួន ១ម៉ឺនដុល្លារប៉ុណ្ណោះ៕