អង្ករសែនក្រអូបរបស់កម្ពុជា នៅតែរក្សាបានតម្លៃខ្ពស់នៅទីផ្សារក្រៅប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2019 ក+ ក-

ភ្នំពេញ ៖ តម្លៃស្រូវរបស់កម្ពុជា ធ្លាក់ចុះត្រឹម១០០រៀលប៉ុណ្ណោះនៅលើទីផ្សារ មិនធ្លាក់ថ្លៃរហូតគ្មានទីផ្សារនោះទេ។ លោកឧកញ្ញ៉ា បានបញ្ជាក់ថា ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានការកើនឡើង បើទោះបីអឺរ៉ុបដាក់ពន្ធលើអង្ករកម្ពុជាក៏ដោយ។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ លោកឧកញ្ញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ថាស្រូវរបស់ កម្ពុជាចុះថោកគ្មានទីផ្សារ ជារឿងមិនពិតនោះទេ ត្បិតស្រូវសែនក្រអូបនៅរក្សាតម្លៃបានល្អក្នុងរង្វង់ជិត១០០០រៀល។ លោកឧកញ្ញ៉ា បន្តថា ស្រូវក្រអូបរបស់កម្ពុជាធ្លាក់ចុះត្រឹម១០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយការធ្លាក់ចុះនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិដូចគ្នា។ការប្រៀបធៀបតម្លៃអង្ករជាមួយកន្ទក់ គឺជារឿងមិនអាចទទួលយកបាននោះទេ ពីព្រោះកន្ទក់ និងអង្ករ ជារឿងពីរផ្សេងគ្នា។

លោក សុង សារ៉ន បានឲ្យដឹងថាដែរថា ការនាំចេញអង្ករក្រអូបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានការកើនឡើង ពិសេសនៅទីផ្សារប្រទេសចិន សហភាពអឺរ៉ុប និងតំបន់អាស៊ាន។ ប៉ុន្តែអង្ករដែលធ្លាក់ថ្លៃ និងមិនអាចនាំចូលទៅកាន់ទីផ្សារ អឺរ៉ុប បាននោះ គឺប្រភេទអង្ករ ស។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមែនគោលការណ៏ក្នុងការឧបត្ថម្ភធន ឬចេញខាតសម្រាប់កសិករផលិត ស្រូវនោះទេ ប៉ុន្តែរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍជនបទ បានបញ្ចេញថវិកា ៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ទុនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ គិតមកដល់ពេលនេះ មានរោង ម៉ាស៊ីនកិនស្រូវចំនួន ១៥ហើយ ដែលបានដាក់សំណើមកធនាគារ ដើម្បីបានកញ្ចប់កំចីពិសេសនេះ ដោយគិតជាទឹកប្រាក់ប្រមាណជិត២០លានដុល្លារអាមេរិក។

គួររំលឹកថា រយៈពេលជាង១១ខែ ឆ្នាំ២០១៩ នេះ ចិន គឺជាទីផ្សារធំសម្រាប់ការនាំចេញអង្ករពីកម្ពុជា។ ១១ខែមកនេះ កម្ពុជានាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណ ៥១ម៉ឺន៩ពាន់តោន ក្នុងនោះទីផ្សារចិន មានប្រមាណ ២០ម៉ឺន៧ពាន់តោន ឬស្មើនឹងប្រមាណ ៤០,២៨ភាគរយនៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ក្រៅពីនោះ មាននាំចេញទៅកាន់សហគមន៍អឺរ៉ុប ដែលមានប្រមាណ ១៧ម៉ឺន ៦ពាន់តោន ស្មើនឹង ៣៤,២៤ភាគរយនៃការនាំចេញសរុប ដោយឡែក ក៏មាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្រៅតំបន់អាស៊ានផ្សេងៗទៀតផងដែរ៕