​នគរបាល​ខណ្ឌដង្កោ​​បញ្ជូន​ថៅកែ​ស្ថានីយ​ប្រេង​ PTT​ ទៅ​តុលាកា​រពាក់ព័ន្ធ​ករណី​ហិង្សា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2019 ក+ ក-

ភ្នំពេញ ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជូន​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ នៅ​ជិត​រង្វង់​មូល​គួ​ស្រូវ​ ឈ្មោះ​ សា​រុន​ វិធុ​រ៉ា​ក់​ ទៅ​តុលាកា​ពាក់ព័ន្ធ​ករណី​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​គ្រូបង្រៀន​ម្នាក់​។​ 

​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ ប្រាប់​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះថា ​ការ​ឃាត់ខ្លួន​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ ឈ្មោះ​ សា​រុន​ វិធុ​រ៉ា​ក់​ ដោយ​យោង​តាម​ដីកា​ចាត់តាំង​តំណាង​អយ្យការ​របស់​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទន្ទឹមនោះ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​ ផង​ដែរ​ពាក់ព័ន្ធ​ករណី​នេះ​។​

​សូម​បញ្ជាក់​ថា​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ត្រូវជា​កូនប្រុស​លោក​ ចាន់​ សា​រុន​ អតីតរដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​តាកែវ​ និង​បក្ខពួក​បាន​រង​ការ​ចោទប្រកាន់​ ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ ទៅ​លើ​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែធ្នូ​កន្លង​ទៅ​ នៅ​ក្នុង​បរិវេណ​ស្ថានីយ៍​ប្រេង​របស់​ខ្លួន​ ដោយ​ពួក​គេ​ចោទ​ថា​ គ្រូបង្រៀន​រូប​នេះ​ បាន​ចូល​ទៅ​អុកឡុក​ និង​ចូល​ក្នុង​បន្ទប់ទឹក​ស្រី​ លួច​ថត​នារី​នៅ​ក្នុង​បន្ទប់ទឹក​នោះ​។​

​លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថែម​ទាំង​បង្ហោះ​វី​ដេ​អូ​ និង​រូបភាព​ លើក​មេដៃ​ជាមួយ​រូប​គ្រូបង្រៀន​ ដោយ​ចងដៃ​ទៅ​ក្រោយ​ និង​ចាប់​បោច​សក់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​រិះគន់​យ៉ាង​ចាស់ដៃ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ខុសច្បាប់​ទម្លាប់​បែប​នេះ​។​

​សម្រាប់​ករណី​នេះ​ ក៏​មាន​ចោទ​ចំៗ​ទៅ​លើ​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថា​ខុស​ទាំងស្រុង​ដោយសារ​ខ្លួន​ មិនមែន​ជា​មន្ត្រី​សមត្ថកិច្ច​ ហើយ​ទៅ​ចាប់ចង​ និង​បញ្ជា​ឲ្យ​កូនចៅ​វាយ​យ៉ាង​ដូច្នេះ​ទេ​ នោះ​វា​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​ ដែល​តំណាង​អយ្យការ​តំណាង​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​ដាក់​ពាក្យបណ្តឹង​បាន​ បើ​ទោះបី​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ក៏​ដោយ​៕