សម្តេចតេជោ ហ៊ុន សែន ៖ ហ្គេមអនឡាញ ជង្រុកក្រុមម៉ាហ្វីយ៉ា និងការលាងលុយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសប្តេជ្ញាថា រាជរដ្ឋាភិបាលមិនឲ្យមានហ្គេមអនឡាញ នៅប្រទេសកម្ពុជាទៀតជាដាច់ខាត ដើម្បីកុំឲ្យកម្ពុជាក្លាយកន្លែងលាងលុយកខ្វក់ និងជង្រុកពួកម៉ាហ្វីយ៉ា ដែលកើតចេញពី ហ្គេមស៊ីសង អនឡាញ។ សម្តេចតេជោ ថ្លែងអះអាងថា កម្ពុជា នឹងលុបបំបាត់ហ្គេមអនឡាញ ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ នេះ។

ថ្លែងនៅក្នុងពិធីបុណ្យសមុទ្រលើកទ៨ ជុំទី២ នៅខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានហ្គេមអនឡាញកម្ពុជា នឹងធ្វើឲ្យបញ្ហា អសន្ដិសុខជាតិ និងស្ថិតនៅក្រោមការគំរាមកំហែង នៃក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមកក្នុងប្រទេស ដើម្បីធ្វើសកម្មភាព នានា។ កម្ពុជា ក៏នឹងក្លាយទៅជាប្រទេសនៃគោលដៅ នៃការលាងលុយកខ្វក់ តាមរយៈអនឡាញផងដែរ។ ការលុបបំបាត់ហ្គេមអនឡាញនេះ គឺដើម្បីទទួល បានមកវិញនូវវិនិយោគ និងជំនួញធំៗ ដែលសុច្ចរិត និងសុវត្ថិភាពសម្រាប់ អភិវឌ្ឍសង្គមកម្ពុជា។ ការធ្លាក់ចុះនៃវិស័យសំណង់នៅកម្ពុជា គឺមិនពាក់ព័ន្ធទៅនឹងការធ្វើដំណើរចាកចេញរបស់ជនជាតិនោះទេ នោះគ្រាន់តែចំណែកតូចមួយប៉ុណ្ណោះ ព្រោះវិស័យសំណង់នៅប្រទេសកម្ពុជា មិនមែនបម្រើឲ្យតែហ្គេមអនឡាញនោះទេ ប្រសិនបើគេឈប់ជួលផ្ទះ ឬអគារគួរតែយកទីតាំងនោះ ទៅប្រកបអាជីវកម្មផ្សេង ព្រោះអ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៨ ខែសីហា កន្លងទៅ បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ទាំងស្រុង។ សារាចរណែនាំ បានណែនាំ ឲ្យមន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាបណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិច តាមរយៈអិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕