រដ្ឋាភិបាល-វិស័យឯកជន រួមគ្នាបង្កើនល្បឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយចីរភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2019 ក+ ក-

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែក បង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាព នៃការអនុវត្តកាតព្វកិច្ចច្បាប់ស្តីពីការងារនិងច្បាប់ស្តីពីរបបសន្តិសុខសង្គមនាព្រឹកថ្ងៃទី២៣ខែធ្នូនេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក អ៊ិត សំហេង មានប្រសាសន៍បន្តថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត តាមរយៈការអនុវត្តយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមដែលយើងបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពដែលជាមូលដ្ឋានគ្រឹះ នៅក្នុងការធានាបាននូវភាពសុខដុមផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យមានការថយចុះនូវវិវាទការងារបានប្រសើរជាងមុនច្រើន។
ការបន្តចូលរួមអនុវត្តយ៉ាងសកម្ម ក្នុងការគាំទ្រដល់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។
ទន្ទឹមនឹងនេះការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យការងារផងដែរ។បន្ថែមពីនេះសមាគមសហព័ន្ធនិយោជកកម្ពុជា ក៏ជាដៃគូរដ៏សំខាន់ ដែលបានចូលរួម ធ្វើឱ្យក្រសួងអាចសម្រេចបានដោយជោគជ័យ នូវការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា និងគម្រោងនានាផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការជាមួយ CAFEBA សំដៅលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ស្ថិតក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹង លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា បានធ្វើការយ៉ាងជិតស្និតជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យឯកជន នៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សមាជិកទាំងអស់របស់ CAFEBA អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ដូចដែលអ្វីដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនៅក្នុង វេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរជាលំដាប់។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមសហព័ន្ធនិយោជកកម្ពុជា (CAFEBA) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលយើងរួមគ្នាបំពេញប្រកបដោយភាពជោគជ័យ ក្នុងរយៈពេលកន្លងមក ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិព្រមទាំងធានាបាននូវការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% រយៈពេលពីរទស្សវត្តន៍កន្លងមកនេះ៕