រដ្ឋសភាអនុម័តយល់ព្រមលើគម្រោងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តចំនួន៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2019 ក+ ក-

ភ្នំពេញ ៖ ដើម្បីបំពេញឱ្យបានតាមកំណើននៃតម្រូវការអគ្គិសនីចំពោះមុខ និងទៅពេលអនាគត រាជរដ្ឋាភិ បាលបានអនុម័តគម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តចំនួន៤ ដែលមានអានុភាពសរុប ១៤០មេហ្កាវ៉ាត់ ក្នុងនោះខេត្តបាត់ដំបង ៦០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់ ៣០មេហ្កាវ៉ាត់ ខេត្តបន្ទាយមានជ័យ ៣០មេហ្កាវ៉ាត់ និងខេត្តស្វាយរៀង ២០មេហ្កាវ៉ាត់ ដោយសេចក្តីព្រាងច្បាប់ស្តីពី គម្រោងសាងសង់នេះត្រូវបានសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័តយល់ព្រម នាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ។

ក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាកំពុងមានការអភិវឌ្ឍឥតឈប់ឈរ។ ក្នុងគោលដៅគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យ រាជរដ្ឋាភិបាលបានចាត់ទុកការងារអភិវឌ្ឍប្រភព ថាមពលអគ្គិសនី គឺជាការងារបន្ទាន់ និងចាំបាច់ ខណៈដែលកម្ពុជាមានប្រភពអគ្គិសនីពីវារីអគ្គិសនី ដែល ត្រូវពឹងផ្អែកលើទឹកភ្លៀង។ ស្ថានីយវារីអគ្គិសនីផលិតថាមពលអគ្គិសនីពេញសមត្ថភាពនៅរដូវវស្សាដែល មានភ្លៀងធ្លាក់ច្រើន។ ផ្ទុយទៅវិញនៅរដូវប្រាំង ការផលិតថាមពលអគ្គិសនីពីស្ថានីយវារីអគ្គិសនីត្រូវធ្លាក់ ចុះមកត្រឹមតែ ៣០% នៃសមត្ថភាពធម្មតា ឬករណីខ្លះអាចធ្លាក់ចុះទាបជាងនេះទៀតផង។ ហេតុនេះ ប្រភពថាមពលដទៃទៀតដូចជា ថាមពលដើរដោយពន្លឺព្រះអាទិត្យដែលមិនពឹងផ្អែកលើទឹកភ្លៀង គឺជា ជម្រើសដ៏ចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបំពេញបន្ថែមនៅរដូវប្រាំង ។

សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំងក្នុងរដូវប្រាំង និងក្នុងរដូវវស្សា។ អញ្ចឹងហើយទើបរាជរដ្ឋាភិបាល បានអនុម័តនូវគម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តចំនួន៤ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តស្វាយរៀង ដែលមានអានុភាពសរុបប្រមាណ ១៤០ មេហ្កាវ៉ាត់ ដែលគម្រោងទាំង៤នេះបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនចំនួន៤ ជាអ្នកទទួលបន្ទុកសាងសង់៕