អាជ្ញាធរខេត្តព្រះវិហារសំណេះសំណាល និងជួនដំណើរសិស្សនិស្សិតប្រលងចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ លោក គោ ស៊ុមប៊ុនសឿត អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមនិងឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្មួយៗសិស្ស និស្សិតចំនួន១៨១នាក់ ដែលដាក់ពាក្យប្រលងចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ។

ជារៀងរាល់ឆ្នាំ ក្មួយៗសិស្ស និស្សិតជាច្រើននាក់ តែងតែដាក់ពាក្យប្រលងចូលក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ជាច្រើនសន្ធឹកសន្ធាប់ ដើម្បីចូលរួមក្នុងវិស័យការពារជាតិបន្តវេនពី អុំ ពូ មីង ជំនាន់មុន ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្មួយៗសិស្ស និស្សិតចំនួន ១៨១នាក់ថ្មីទៀត ដែលរស់នៅក្នុងខេត្តព្រះវិហារ បានស្ម័គ្រចិត្តជាទំពាំងស្នងឫស្សីក្នុងការបន្តវេនក្នុងវិស័យការពារជាតិ បានដាក់ពាក្យប្រលងចូលក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ហើយត្រូវបានចូលរួមក្នុងពិធីសំណេះសំណាល និងចែកសាលាកបត្រឯកជន ដើម្បីត្រៀមទៅប្រឡងនៅមណ្ឌលយោធភូមិភាគទី ៤ ខេត្តសៀមរាប ដែលពិធីនេះបានធ្វើនៅក្នុងបរិវេណទីបញ្ជាការដ្ឋានតំបន់ប្រតិបតបត្តិការសឹករងព្រះវិហារចំណុះយោធភូមិភាគទី៤។

លោកឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការបានមានប្រសាសន៍ថា នេះជាសក្ខីភាពមួយដែល គួឲ្យលើកទឹកចិត្តដល់គ្មួយៗដែលបានមកដាក់ពាក្យប្រលងចូលក្របខ័ណ្ណ នៃកងយោធពលខេមរភូមិន្ទ លើវិស័យការពារជាតិបន្តវេនជាមួយគ្នានេះដែរ ក្មួយៗ សិស្សនិស្សិតដែលបានដាក់ពាក្យប្រលងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កន្លងមកមានក្មួយៗជាច្រើននាក់នៅខេត្តព្រះវិហារ បានប្រឡងជាប់ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ ដោយមួយចំនួនចេញទៅបម្រើការងារនៅតាមកងឯកភាពទូទាំងប្រទេស និងមានក្មួយៗមួយចំនួនទៀត កំពុងបន្តការ សិក្សានៅក្នុងនិងក្រៅប្រទេសផងដែរ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលមានស្មារតីស្មោះស្ម័គ្រជាទំពាំងស្នងឬស្សី ដើម្បីចូលរួមក្នុងវិស័យការពារជាតិត្រៀមជំនួសឱ្យអ៊ី ពូមីងយើងដែលនឹងត្រៀមចូលនិវត្តន៍នៅពេលខាងមុខ ។ ក្នុងឱកាសនេះផងដែរលោក គោ ស៊ុមប៊ុនសឿតអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរអំពីផលវិបាក ក្នុង ការកើតឡើងនូវសង្រ្គាមសុីវិលនៅកម្ពុជាក្នុងបណ្តាទស្សវត្តន៍កន្លងមក និងការបញ្ចប់សង្គ្រាមដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រនៅកម្ពុជា យើង ដែលមិនធ្លាប់មានពីមុនមក។

លោក អភិបាលរងខេត្តព្រះវិហារ បានសំណូមពរសូមឱ្យក្មួយៗទាំងអស់ រួមគ្នាចូលរួមថែរក្សាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ ដែលបានមកដោយលំបាកនេះ ឲ្យ នៅគង់វង់ជារៀងរហូត ជាមួយនោះដែលក្មួយៗត្រូវត្រៀមលក្ខណសម្បត្តិគ្រប់យ៉ាងដេីម្បីទៅចូលរួមប្រឡងតាមវិញ្ញាសាដែលគណៈកម្មាធិការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស ចំណែកអុំ ពូ មីងទាំងអស់គ្នា សូមជូនពរឱ្យក្មួយៗទាំងអស់បានប្រលងជាប់គ្រប់ៗគ្នា ដើម្បីក្លាយខ្លួនជាកងយោធពលខេមរភូមិនដ៏ឆ្នើម ក្នុងវិស័យការពារជាតិ សាសនា និងព្រះមហាក្សត្រ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕