កម្ពុជា-វៀតណាមនឹងបើក​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ថ្មី​មួយ​បន្ថែម​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2019 ក+ ក-

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺន ជ័យ-តឹន ណាម ដែលគ្រោងនឹងបើកថ្មី។

ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញចុះពិនិត្យសភាពការណ៍ ជាមួយភាគីវៀតណាម ពីរចនាសម្ព័ន្ធតភ្ជាប់ រួមមានផ្លូវ ទីបញ្ជាការកងកម្លាំងការពារព្រំដែនច្រកទ្វារអន្តរជាតិ និងពិភាក្សានីតិវិធី ស្នើសុំទៅក្រសួងការបរទេស ក្រសួងមហាផ្ទៃ របស់ភាគីទាំងសងខាង ដើម្បីឯកភាពគ្នាកំណត់ការបរិច្ឆេទប្រកាសជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺន ជ័យ-តឹន ណាម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ការប្រកាសជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺន ជ័យ – តឹន ណាម ដោយសាររដ្ឋាភិបាលវៀតណាម ថ្មីនេះកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ បានចេញអនុក្រឹត្យជាផ្លូវការ ប្រកាសតម្លើងច្រកទ្វារ តឹន ប៊ិន ទៅជាច្រកទ្វារអន្តរជាតិ ម៉ឺន ជ័យ របស់កម្ពុជា ជាប់នឹងខេត្តព្រៃវែង ហើយប្តូរឈ្មោះ ច្រកទ្វារ តឹន ប៊ិន ទៅជាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ តឹន ណាម។

ស្របពេលជាមួយគ្នានេះដែរ ភាគីខាងវៀតណាម ក៏បានអញ្ជើញប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីបញ្ជាការកងកម្លាំងច្រកទ្វារព្រំដែន តឹន ណាម ដែលខាងភាគីវៀតណាម បានសាងសង់រួចរាល់ហើយ៕