ស៊ីម៉ាក់ ចុះកិច្ចព្រមព្រៀងជាមួយអង្គការចៃកា ជប៉ុន លើគម្រោងពង្រីកតួនាទីអង្គភាពស៊ីម៉ាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2019 ក+ ក-

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចៃកា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបច្ចេកទេស មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ស្តីពីគម្រោងពង្រីកតួនាទីអង្គភាពស៊ីម៉ាក់ ដើម្បីប្រតិបត្តិការបន្តសកម្មភាពរយៈពេល ៤ឆ្នាំទៀត។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅទីបញ្ជាការស៊ីម៉ាក់ នាព្រឹកថ្ងៃទី២៤ ធ្នូ នេះ ថា តាមរយៈការចុះហត្ថលេខានេះ ចៃកានឹងផ្ដល់អ្នកបច្ចេកទេសមកជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ផ្ដល់ការហ្វឹកហ្វឺន និងតម្រូវការជាក់ស្ដែងរបស់ស៊ីម៉ាក់ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងកិច្ចប្រតិបត្តិការដោះមីន។

ការចុះហត្ថលេខាលើកិច្ចការប្រតិបត្តិការបច្ចេកទេស រវាងស៊ីម៉ាក់ និងចៃកា មិនបានកំណត់អំពីចំនួនថវិកាជាក់លាក់ទេ ប៉ុន្តែជាជប៉ុននឹងជួយជាអ្នកបច្ចេកទេស និងពិនិត្យជាក់ស្តែង។ គម្រោងនេះ នឹងបន្តអនុវត្តរយៈពេល៤ឆ្នាំបន្តទៀត ពោល នឹងចាប់ផ្ដើមអនុវត្តនៅក្នុង ខែកុម្ភៈឆ្នាំ ២០២០។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ជប៉ុនក៏បានផ្តល់កញ្ចប់ថវិកាចំនួនជាង១លាន ៧សែនដុល្លារអាមេរិក ដើម្បីបន្តជួយគាំទ្រប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ដំណាក់កាលអន្តរកាលដែលដាច់គម្រោងថវិកា ក្នុងការ ជួយគាំទ្រដល់កម្លាំងស៊ីម៉ាក់ចំនួន៤៥០នាក់ នៅបាត់ដំបង។ គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមករាឆ្នាំ ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ២០២០។

គួរបញ្ជាក់ថា គិតពីឆ្នាំ១៩៩៨ មកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កិច្ចប្រតិបត្តិការ បោសសំអាតមីនដល់អង្គភាពស៊ីម៉ាក់ចំនួនជាង១៥០លានដុល្លារអាមេរិក ក្នុងនោះជំនួយជាសាច់ប្រាក់មានចំនួនជាង៧០លានដុល្លារអាមេរិក ជំនួយជាសម្ភារៈចំនួន៥០លានដុល្លារ និងផ្តល់ ជំនួយលើការផ្តល់បច្ចេកទេសតាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយចំនួនទៀតផងដែរ៕