ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសចំនួន២,៣៩៨/២,៥៥០លើក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០ បានបង្ហាញក្នុងថា ក្នុងឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើសបានចំនួន ២,៣៩៨/២,៥៥០លើក។

របាយការណ៍បញ្ជាក់ថា បទល្មើសចំនួន២,៣៩៨ក្នុងនោះរួមមាន ៖ បង្ក្រាបបទល្មើសជាក់ស្តែង បានចំនួន ២,១៣៥/២,២២២លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម១៤លើក, បង្ខាំងមនុស្ស+ជំរិតទារប្រាក់១៣លើក, រំលោភសេពសន្ថវៈ៣៥លើក, លួចមានស្ថានទម្ងន់ទោស ២៨លើក, ហិង្សាមានស្ថានទម្ងន់ទោស៦៧លើក, ជួញដូរមនុស្ស៨លើក, ការជួញដូរចែកចាយគ្រឿងញៀន ៩៦៣លើក, លួច១៤២លើក, ឆក់៣៣លើក, ឆបោក៣៣លើក, ហិង្សាដោយចេតនា២៧លើក, ប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់២១លើក, ការប្រើប្រាស់គ្រឿងញៀន១៨៨លើក, ដំណាំកញ្ញា៤លើក, ធ្វើខូចខាតដោយចេតនា១៦លើក, រំលោភលើទំនុកចិត្ត៣០លើកល្បែងស៊ីសង៤៨លើក។ល។

ស្រាវជ្រាវបង្ក្រាប បានចំនួន២៦៣/៣២៨លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម៩លើក, បង្ខាំងមនុស្សខុសច្បាប់១លើក, រំលោភសេពសន្ថវៈ២លើក, លួចមានស្ថានទម្ងន់ទោស១៤លើក, ហិង្សាមានស្ថានទម្ងន់ទោស៣៧លើក, លួច៧១លើក, ឆក់៧លើក, ឆបោក៣៧លើក, ហិង្សាដោយចេតនា២៣លើក, រំលោភលើទំនុកចិត្ត៣០លើក, ធ្វើឲ្យខូចខាតដោយ ចេតនា៤លើក, ទទួលផលចោរកម្ម៣លើក និងក្មេងទំនើង១លើក។

សូមជម្រាបថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានរៀបចំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០។ កិច្ចនេះស្ថិតក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយការិល័យ មេបញ្ជាការកងអន្តរាគមន៍ និងមេបញ្ជាការវរអន្តរាគមន៍ផងដែរ៕