តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ជុំវិញការរំលាយគណបក្សប្រឆាំងនៅដើមឆ្នាំក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

បាងកក ៖ តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេចទាក់ទិននឹងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ខាងមុខ ក្រោយមានពាក្យបណ្ដឹងមួយថា សកម្មភាពរបស់គណបក្សប្រឆាំងមួយនេះ គឺជាទង្វើញុះញង់ និង មានផែនការផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ។

បើតាមតុលាការធម្មនុញ្ញថៃបានឲ្យដឹងថា ពាក្យបណ្ដឹងខាងលើក៏បានចោទប្រកាន់ដែរថា ស្លាកសញ្ញារាងត្រីកោណរបស់គណបក្សអនាគតថ្មី មានលក្ខណៈស្រដៀងគ្នានឹងនិមិត្តរូបត្រីកោណ Illuminati ដែលជាអង្គការសំងាត់មួយមានគោលបំណងគ្រប់គ្រងពិភពលោកទាំងមូល។

ជុំវិញការប្រកាសសេចក្តីសម្រេចនេះ តុលាការថៃក៏បានទុកពេលឱ្យគណបក្សអនាគតថ្មី១៥ថ្ងៃផង ដែរ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការចោទប្រកាន់មួយដាច់ដោយឡែក ជុំវិញការរំលោភលើច្បាប់គណបក្សនយោបាយ និងបានខ្ចីលុយពីថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន។

សូមរំលឹកផងដែរថា ស្ថានិកនៃគណបក្សអនាគតថ្មីដែលទទួលបានសំឡេងគាំទ្រច្រើនលំដាប់ ទី៣នៅក្នុងការបោះឆ្នោត និងជាអ្នកប្រឆាំងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា គឺលោក ថាណាថន ជូអាងរុងរូអាងខីត កាលពីខែវិច្ឆិកាកន្លងមកនេះ ត្រូវបានតុលាការ ថៃលុបចោលអភ័យឯកសិទ្ធិជាសមាជិកសភា ដោយសារតែការចោទថា លោកបានរំលោភលើច្បាប់បោះឆ្នោត៕