នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថែរក្សា និងអភិរក្សស្ពានថ្មចាស់អាយុជាង១០០ឆ្នាំនៅបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មរតកដូនតាដែលបានបន្សល់ទុកលើសពី ៥០ឆ្នាំឡើងទៅ នឹងត្រូវនាំគ្នាថែរក្សា និងអភិរក្ស ដោយគ្មានការរុះរើ ឬវាយកម្ទេចនោះទេ។ ចំពោះស្ពានថ្មចាស់សល់ពីសម័យបារាំង មានអាយុកាលជាង ១០០ឆ្នាំ ស្ថិតនៅមុខសាលាខេត្តបាត់ដំបង គឺត្រូវតែរក្សាទុកដាច់ខាត។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នាព្រឹកម៉ិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅអាជ្ញាធរខេត្តបាត់ដំបង ត្រូវរកវិធីកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់លើស្ពាននោះទៀត ជំនួសមកវិញដោយធ្វើស្ពានបន្ថែមនៅក្បែរនោះ ដោយមិនត្រូវវាយស្ពានចាស់ចោលនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មរតកដូនតាដែលបានបន្សល់ទុកលើសពី ៥០ឆ្នាំឡើងទៅ នឹងត្រូវនាំគ្នាថែរក្សា និងអភិរក្សដោយគ្មានការរុះរើ ឬវាយកម្ទេចនោះទេ។
(សម្ដេចតេជោ ហ៊ុន សែន៖នាទីទី២០៖៣០៖ កន្លងទៅស្រាប់តែនាំគ្នាផ្អើលពេញហ្វេសប៊ុក ថាយើងនាំគ្នាប្រុងវាយស្ពាន សល់ពីសម័យបារាំងនៅបាត់ដំបង សូមបញ្ជាក់ រឿងអ្វីដែលបន្សល់ទុកលើសពី៥០ឆ្នាំទៅ គឺខិតខំរក្សា អាហ្នឹងក្លាយទៅជាសមិទ្ធផល អានោះជាង១០០ឆ្នាំ រឿងអីត្រូវទៅវាយចោល ខិតខំរក្សាវា ជួសជុលធ្វើម៉េចទប់ដើម្បីកុំឲ្យវាបាក់»)។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា កាលពីសប្តាហ៏មុន បានដាក់លិខិតទៅក្រសួងដែនដី ដើម្បីស្នើសុំឱ្យអ្នកជំនាញចុះពិនិត្យមើលស្ពានថ្មចាស់សល់ពីសម័យបារាំងមួយ ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ។ លោកជំទាវ ភឿង សកុណា បញ្ជាក់ក្នុងលិខិតថា រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំគោលការណ៍ ដើម្បីអនុញ្ញាតរុះរើស្ពានថ្មចាស់សម័យបារាំងនោះ ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា ពុំគួររុះរើឡើយ ដោយសារស្ពាននេះ មានអាយុកាលចំណាស់ជាង១០០ឆ្នាំ កសាងក្នុងសម័យអាណានិគមបារាំង និងជាសំណង់បេតិកភណ្ឌទីក្រុង នៅសេសសល់ នៅក្នុងប្រទេសកម្ពុជា ហើយមានតម្លៃជាប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

ក្រសួងវប្បធម៌ ផ្ដល់យោបល់ថា ស្ពានថ្មចាស់នេះ ត្រូវបានគេចាត់ទុកជាមរតកដ៏កម្របន្សល់ទុកពីសម័យអាណានិគមបារាំង ម្ល៉ោះហើយស្ពាននេះ គួរត្រូវបានថែរក្សាទុក និងជួសជុលឡើងវិញ សម្រាប់ប្រើប្រាស់ជាស្ពានថ្មើរជើង។ រដ្ឋបាលសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ធ្នូ បានជូនដំណឹងហាមអ្នកដំណើរឆ្លងកាត់ស្ពានថ្មចាស់មុខសាលាខេត្ត ដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុពីការពុកផុយបាក់ស្រុត នៃស្ពានថ្មចាស់នេះ។ ស្ពានថ្មចាស់ នៅមុខសាលាខេត្តបាត់ដំបង បានកសាងនៅឆ្នាំ១៩១៦ ក្នុងសម័យអាណានិគមបារាំង។ មកដល់បច្ចុប្បន្ន ស្ពាននេះមានអាយុកាល ១០៣ឆ្នាំ។ កាលពីអំឡុងឆ្នាំ២០០០ ស្ពាននេះក៏ធ្លាប់បានស្នើសុំរុះរើ រួចម្ដងមកហើយ តែដោយសារមានប្រតិកម្ម ពីប្រជាពលរដ្ឋ អ្នកប្រវត្តិសាស្ត្រមួយចំនួន និងស្ថានទូតបារាំងផងនោះ ស្ពាននេះត្រូវបានជួសជុលទុក រហូតមកដល់បច្ចុប្បន្ន៕