កាកបាទក្រហមកម្ពុជាសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១៥ជូនពលរដ្ឋ ៣៣២គ្រួសារ នៅស្រុកឆែប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃពុធ ទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន បានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ប្រភេទអាហ្រ្វីដេស ចំនួន ១៥អណ្តូង ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៣២គ្រួសារ ស្មើនឹងមនុស្ស ៩៣៧នាក់ រស់នៅក្នុងភូមិចំនួន ៧ របស់ឃុំម្លូព្រៃ១ ឃុំម្លូព្រៃ២ និងឃុំសង្កែ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញេីជូនប្រជាពលរដ្ឋទាំងអស់សូមគិតគូរថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំពុះ សម្អាតបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រេីប្រាស់ទឹកដោយសន្សំសំចៃដោយសារតំបន់នេះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។

លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាត សរុបចំនួន ២៣៥ អណ្តូង ពីកាកបាទក្រហមកម្ពុជា ហើយជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម បានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៦០នាក់ ដែលចូលរួមក្នុងពិធី សម្ពោធអណ្តូងនោះ ក៏ទទួលបានក្នុងម្នាក់ៗ សារុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀលជាអនុស្សាវរីយ៍ដែរ៕ ដោយ ៖ ក. ប៊ុនហេង