លុចស៊ិស330 ឡើងច្រាំងកំពង់ដរព្រែកពោធិ៍មិនរួច បើកថយក្រោយវិញបុករះរបួសធ្ងន់ ៥នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2019 ក+ ក-

ដោយ ៖ អ.សុផល

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ក្មេងចាស់ ចំនួន ៥នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តថយចុះច្រាំងទន្លេហើយច្រឡំជាន់ហ្គែរស្មានថាជាហ្វ្រាំង ធ្វើអោយរថយន្តថយលឿនជ្រុលទៅក្រោយបុកផ្ទប់ជញ្ជាំងរបាំងទូកដរប៉ះចំអ្នកដំណើរ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៧ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចច្រាំងទន្លេកំពង់ចម្លង ព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុឝេឃើញទូកដរដឹកចម្លងអ្នកដំណើរ រួមជាមួយម៉ូតូមួយចំនួន និងរថយន្តមួយគ្រឿង បានចេញពីកំពង់ចម្លងស្វាយស្រណោះ មកកំពង់ចម្លងព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រភពដដែលបានបន្តថា នៅពេលទូកចម្លងខាងលើ មកដល់កំពង់ចម្លងព្រែកពោធិ ត្រើយម្ខាងទៀត គេឃើញអ្នកដំណើរ និងម៉ូតូខ្លះបានដើរ និងជិះឡើងច្រាំងធ្វើដំណើរទៅកាន់គោលដៅរៀងៗខ្លួន។ ក្នុងខណៈនោះគេឃើញរថយន្តម៉ាក LexusRX 330 ពាក់ស្លាកលេខភ្នំពេញ 2AU 4122 បើកចេញពីទូកដរឡើងច្រាំងដែរ តែបានបន្តិចក៏ទុចងក់ទំនងឡើងមិនរួច។ ឃើញដូច្នោះមានបុរសម្នាក់ជាអ្នកបើកទូកដរបានទៅឈរពីខាងក្រោយរថយន្ត ធ្វើសញ្ញាបញ្ជាទៅអ្នកបើកបររថយន្តអោយថយក្រោយសិន ។ ខណៈនោះស្រាប់តែរថយន្ត LEXUS បានថយក្រោយយ៉ាងលឿនបុកអ្នកធ្វើសញ្ញា រួមនិងអ្នកដំណើរដែលនៅលើទូកដរ នោះ រុញទៅផ្ទប់នឹងរនាំងទូកដរ បណ្តាលអោយរងរបួសធ្ងន់ចំនួន ៥នាក់ ក្នុងនោះមានស្រីចំនួន ២នាក់ បុរសអ្នកបើកទូកដរ១នាក់ និងកុមារាចំនួន ២នាក់។

ប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយនាំយកអ្នករបួសទៅកាន់មន្ទីរ។ ក្នុងហេតុការណ៍នេះ គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ចំណែកអ្នកបើបររថយន្ត ក៏អត់ស្គាល់អត្តសញ្ញាណដូចគ្នាដែរ រីឯសមត្ថកិច្ច ក៏មិនទាន់បំភ្លឺអោយបានច្បាស់នៅឡើយ រង់ចាំធ្វើការស្រាវជ្រាវអោយបានចប់សិន៕