អ្នកស្លាប់ដោយបាក់រលំអគារកើនដល់៣៦នាក់ របួស២៣នាក់ ថវិកាសប្បុរសជនឧបត្ថម្ភបានជិត ២លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2020 ក+ ក-

ខេត្តកែប ៖ ប្រតិបត្តិការសង្គ្រោះជីវិតកម្មករសំណង់ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារកំពុងសាងសង់មួយខ្នងកម្ពស់ ៧ជាន់ បានបិទបញ្ចប់ហើយគិតត្រឹមម៉ោង ១១ ៖ ៤០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ តាមរយៈសេចក្តីប្រកាសដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

តុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់ ៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់ចំនួន៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិតចំនួន ២៣នាក់ (ស្រី៨នាក់)។

សូមរម្លឹកថា កាលពីម៉ោង ៤ និង ១៥នាទី រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ អគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ ស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំទាំងស្រុង។ ភ្លាមៗ ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានអញ្ជើញមកដល់ខេត្តកែប ទាំងយប់ភ្លាមៗផងដែរ។

ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់អគារកម្ពស់ ៦ជាន់នៅខេត្តកែប សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុនសែនបានបែងចែកថវិកាសម្រាប់ ឧបត្ថម្ភដល់ជនរងគ្រោះ ដោយប្រគល់ថវិកាជូន ៥ម៉ឺនដុល្លារ ដល់គ្រួសារអ្នកដែលស្លាប់ បាត់បង់ជីវិតម្នាក់ៗ និងជូនថវិកា ១ម៉ឺនដុល្លារ ដល់អ្នករបួសម្នាក់ៗ។សម្តេចតេជោនាយក រដ្ឋមន្រ្តី សរសេរក្នុងទំព័រហ្វេសបុកផ្លូវការថា ថវិកាទាំងនោះ គឺបានមកពីការរួមចំណែក របស់សប្បុរសជន និងមួយចំនួនទៀត គឺជាថវិការបស់រដ្ឋ។

ដោយឡែក សម្ដេចតេជោ ហ៊ុន សែន ក៏ បានប្រកាសឧបត្ថម្ភថវិកា បន្ថែមជូនជនរងគ្រោះ ដែលជាប្ដីប្រពន្ធ ២គូរ( ចំនួន៤នាក់) ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនដុល្លារអាមេរិក សរុប ៨ម៉ឺនដុល្លារ ពីលើថវិកាដែលឧបត្ថម្ភដំបូងម្នាក់ៗ១ម៉ឺនដុល្លារ។

ការប្រកាសបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមករា តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយសម្តេចបញ្ជាក់ថា៖ «ដើម្បីសម្រាលនៅការ លំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារអ្នកដែលបានស្លាប់ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀលស្មើនឹង១ម៉ឺនដុល្លារ ។សម្រាប់អ្នក ស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ ។ ថវិការដ្ឋ និងថវិកាសប្បុរសជន ត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ ។

នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ ដែលគិតត្រឹម ម៉ោង១៤ ៖ ៣០នាទី សរុប ១,៩៦៣,៩៥០ដុល្លារ៕