សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅអូស្រា្តលី សប្តាហ៍ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនឹងដំណើរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំ APPF របស់សម្តេចប្រធានរដ្ឋសភានាឱកាសនេះ តបតាមការអញ្ជើញរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។

តាមសេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេចធ្លាប់ជាប្រធាន APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅពេលដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧។ ជាមួយគ្នានេះ សម្តេចក៏នឹងអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ផងដែរ។

អំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និងទទួលជូបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនូនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មាធិការសហប្រតិបត្តិការតំបន់ ជាដើម៕

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។

អង្គការសភាមួយនេះ មានសមាជិក ២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី ម៉ិកស៉ិកកូរ​ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ កូស្តារីការ។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕