ក្រុមអាជីវករចំនួនជាង៧០នាក់នៅរអូរត្រេះ ស្នើសុំលក់ដូរនៅទីនោះបន្តទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2020 ក+ ក-

ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរនៅតាមឆ្នេរអូរត្រេះ ជាង ៧០នាក់ បាននាំគ្នាស្រែកទាម ទារស្នើសុំអភិបាលខេត្តនេះ អនុញ្ញាតឲ្យពួកគេអាចលក់ដូរនៅទីនេះបន្តទៀត។ សំណើរបស់ក្រុមអាជីវករនេះ បានធ្វើឡើង ខណៈរដ្ឋបាលខេត្តនេះគ្រោងចាត់វិធាន ការរុះ រើតូប របស់ពួកគេ ។

ក្រុមអាជីវករទាំង៦២តូប ដែលប្រឈមការនឹងការរុះរើតូប បាននាំគ្នាជួបជុំតវ៉ានៅឆ្នេរ អូរត្រេះ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្នើសុំជួបអភិបាលខេត្ត ឯកឧត្តម គួច ចំរើន ដើម្បីជជែករកដំណោះស្រាយដែលមិនមែនជាវិធានការរុះរើតូបរបស់ពួកគេ។ ការទាមទាររបស់អាជីវករ នៅថ្ងៃទី៨ ខែមករា ម្សិលមិញនេះ បានកាន់រូបថត សម្តេច ហ៊ុន សែន និង សម្តេចព្រឹទ្ធបណ្ទិត ប៊ុនរ៉ាន់នី ហ៊ុន សែន ព្រមទាំងសរសេរបដាថា អរគុណ សន្តិភាព និងរៀបរាប់ទៀតថា ពួកគេជំពាក់លុយធនាគារ ព្រោះខ្ចីលុយយកមកធ្វើ តូប នេះ។

តំណាងអាជីវករម្នាក់ លោក វុទ្ធី បានអោយដឹងថា ក្រុមអាជីវករ បានទៅលក់នៅទីនោះ ជាងម្ភៃឆ្នាំមកហើយ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ស្បោង សារ៉ាត់ ដែល កាលណោះ ឯកឧត្តម ធ្វើជាអភិបាលខេត្ត។លោកឲ្យដឹងទៀតថា អាជីវករម្នាក់ៗ ចំណាយ ថវិកាយ៉ាងតិចជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំតូបលក់ដូរនៅទីនេះ ហើយភាគច្រើន គឺ អាជីវករ បានខ្ចីលុយពីធនាគារ។ ដូច្នេះ បើរដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមអាជីវករ អាច លក់បានទេនោះ ពួកមិនដឹងបានលុយពីណា ដើម្បីសងធនាគារឡើយ៖ យើងត្រូវការ ដំណោះស្រាយ ដែលអាចទទួលយកបាន យើងជំពាក់ធនាគារ។ យើងចង់បានកន្លែងលក់ ដូរដូចនៅអូរឈើទាលអ៊ីចឹង។ បានន័យថា មិនបានធ្វើដូចអូរឈើទាលទេ គឺចង់ធ្វើកន្លែង លក់ ដូរអាស្រ័យផលដូចអូរឈើទាល ហេតុអីគេលក់ដូរបានតំបន់ឆ្នេរដូចគ្នា។

ជុំវិញសំណើរបស់អាជីវករនេះ អ្នកយកព័ត៌មាន អាស៊ីអាគ្នេយ៍ មិនអាច សុំការបំភ្លឺពីអ្នកនាំ ពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះកាលពីថ្ងៃទី៤ ខែធ្នូ ចោទប្រកាន់ថា ការលក់ដូររបស់ពលរដ្ឋមួយចំនួននៅលើឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលមានទី តាំង នៅ ភូមិ៤ និងភូមិ៦ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដូចជា ការសង់តូប ស្តង់ រោង ឬការដាក់លក់ដូរ នៅតាមឆ្នេរបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ គ្មាន សោភ័ណភាព និងប៉ះពាល់ អនាម័យ បរិស្ថាននៅតំបន់ឆ្នេរ។ សេចក្ដីជូនដំណឹងបន្តថា ដើម្បីរៀបចំឆ្នេរឲ្យមានរបៀបរៀបរយ សោភ័ណភាព និងអនាម័យ បរិស្ថានល្អ រដ្ឋបាល ខេត្តព្រះសីហនុសូមឲ្យអាជីវកររុះរើតូប ស្តង់ រោង ឬការដាក់តាំងលក់ដូរផ្សេងៗដែលគ្មាន សណ្ដាប់ធ្នាប់ចេញវិញទាំងអស់ ក្នុងរយៈ ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។ រដ្ឋបាលខេត្តព្រមានថា ក្នុងករណីអាជីវករមិនរុះរើរដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។

តំណាងអាជីវករ ម្នាក់ទៀត គឺ៖ អ្នកស្រី រស់ ភារម្យ បាន អះអាងទៀតថា ក្រុមអាជីវករ ត្រៀមខ្លួនសហការជាមួយអាជ្ញាធរខេត្តក្នុងករណីអាជ្ញាធរចង់រៀបចំសណ្ដាប់ធ្នាប់និងសោភ័ណភាពតំបន់ឆ្នេរអូរត្រេះនេះ។ លោកបន្តថា ក្រុមអាជីវករចង់ជួបអភិបាលខេត្ត ដើម្បី ជជែក ពីការកែលម្អគុណភាពតូប ឬការរៀបចំប្រព័ន្ធលូជៀសវាង ពី ការបំពុលបរិស្ថាន នៅទីនោះ៕