ប្រធានរដ្ឋសភាកម្ពុជាប្រាប់ទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ថា យន្តការសភាមានសារៈសំខាន់ក្នុងការកសាងសន្តិភាព ហើយសភាកម្ពុជាគំាទ្រនយោបាយពហុនិយម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2020 ក+ ក-

អូស្រ្តាលី ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF លើកទី២៧ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ សម្តេច បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបវេទិកាAPPF ថា អំណាចរបស់សភា ស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយពិភពលោក។
កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេច បានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅចំពោះមុខប្រតិភូចូលរួម ទំាងសមាជិកនិងអ្នកសង្កេតការណ៍ប្រមាណ៣០ប្រទេស ឯកឧត្តម តូនី ស្មីត ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ។ ប្រធាន APPF លើកទី២៨ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការស្រឡាញ់ជុំវិញបញ្ហាសន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេចលើវិស័យទំាងអស់នោះ នឹងបម្រើដល់ផលប្រយោជន៍ប្រជាជននៅក្នុងតំបន់និងសកលលោក។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

ឯកឧត្តម តូនី ស្មីត បានស្វាគមន៍ដល់បណ្តាប្រទេសផ្សេងទៀតចូលជាសមាជិកAPPF ជាពិសេសបណ្តាប្រទេសដែលជាកោះនៅជុំវិញប្រទេសអូស្ត្រាលី។ ប្រធានរដ្ឋសភាអូស្រ្តាលី គូសបញ្ជាក់ថា APPF បានផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រតិបត្តិការមួយដ៏ស្មោះត្រង់ក្នុងការដោះស្រាយបញ្ហារួមជូនពលរដ្ឋ។

ខាងក្រោមនេះជាខ្លឹមសារទំាងស្រុង នូវសុន្ទរកថារបស់ សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំAPPF លើកទី២៨ នៅប្រទេសអូស្រ្តាលីនោះ៕