សមយុទ្ធ​នាគមាស ​រវាង​កម្ពុជា​ និង​ចិនឆ្នាំ​២០២០​នឹង​ធ្វើ​ឡើង​ពាក់​កណ្តាល​ខែ​មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2020 ក+ ក-

ភ្នំពេញ ៖ លោកឧ​ត្តម​សេនីយ៍​ទោ ​ថោង ​សូលីម៉ូ ​អ្នក​នាំ​ពាក្យ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​ បានថ្លែង​ឲ្យ​ដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ​ថា ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២០ ​រវាង​កង​ទ័ព​កម្ពុជា​ និងក​ងទ័​ព​រំដោះ​ប្រជាជន​ចិន​នឹងចាប់​ផ្តើម​នៅ​ពាក់​កណ្តាលខែ​មីនា ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដោយ​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​ប្រឆាំង​ភេរវកម្ម​ និង​កិច្ច​ការ​មនុស្សធ​ម៌​»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ «សមយុទ្ធ​នាគ​មាស​ឆ្នាំ២០២០​នេះ​ នឹង​​ធ្វើឡើ​ង​លើ​របៀប​វារៈ​ជា​ច្រើន​ ប៉ុន្តែយើ​ង​សង្កត់​ធ្ងន់​តែ​ការ​ប្រឆាំង​ភេរវកម្ម​ និង​កិច្ច​ការមនុស្សធម៌​ជា​អាទិភាព​តែ​ប៉ុណ្ណោះ ​ហើយ​ជា​មួយ​គ្នា​នោះ​យើង​ក៏​មាន​សព្វាវុធ ​និង​ឧទ្ធម្ភាគចក្រ ​ច្រើន​ជាងមុន​ផង​ដែរ​ ខណៈក​ម្លាំង​ត្រៀម​ទាំង​សង​​ខាង​នឹង​ចូល​រួម​ប្រមាណ​ជា​ងពី​រ​ពាន់​នាក់​»។

បើ​តាម​អ្នក​នាំពា​ក្យដ​ដែលនេះ​បា​ន​ឲ្យ​ដឹង​ទៀត​ថា សមយុទ្ធនេះនឹ​ង​ធ្វើឡើ​ង​នៅ​ទីលាន​បាញ់​គ្រាប់​ពិតតេជោ ​សែន​ជុំគិរី​ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ​ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំគីរី ​ខេត្ត​កំពត​។ ផ្តោត​សំខាន់​លើវិញ្ញាសា​មួយ​ចំនួន​ ដូច​ជា​ការ​ប្រឆាំង​ភេរវកម្ម​, ការ​រំដោះ​ចំណាប់​ខ្មាំង, ​ការ​សង្រ្គោះប្រ​ជាពលរ​ដ្ឋ​ពី​គ្រោះ​ធម្មជាតិ​, ការ​បំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គ​ការ​សហប្រជាជាតិ ​និង​វិស្វកម្ម​ជា​ដើម​។អាវុធ​យុទ្ធ​ភ័ណ្ឌ​ សំខាន់​ៗ​ ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​លំហាត់​នាគ​មាស​ឆ្នាំ​នេះ​ រួម​មាន​ដូ​ច​ជា​៖ រថពាស​ដែក​, រថក្រោះ,​ កាំភ្លើង​ធំ,​ កាំភ្លើង​ត្បាល់,​ ឧទ្ធម្ភាគចក្រ ​និង ​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជា​ដើម​។

យ៉ាង​ណាក៏​ដោយ​លោក​ឧត្តម​សេនីយ៍ទោបាន​បញ្ជាក់​ថា ​ការ​ធ្វើ​សម​យុទ្ធ​នេះមិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស ​ឬ​បុគ្គល​ណាមួ​យ​នោះ​ឡើយ​ការធ្វើនេះ​នឹ​ង​ធ្វើ​ឡើង​ជា​រៀងរា​ល់​ឆ្នាំ ​ហើយនិ​ង​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់ក​ងទ័ព​កម្ពុជា​និង​ទទួលប​ទ​ពិសោធន៍​បន្ថែម​ដល់​ពី​ប្រទេស​ជា​មិត្ត​តែ​ប៉ុណ្ណោះ៕​