សម្តេចតេជោច្រានចោល​ព័ត៌មាន​ថា សម្តេច​កំពុង​ស្វែ​ករក​ច្រក ដើម្បី​ផ្ទេរតំណែង​​ឲ្យ​កូនប្រុស​ច្បង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2020 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ​កាលពី​រសៀល​ម្សិលមិញបាន​បញ្ចេញ​នូវ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មានឃែ​ម​បូ​ឌា​ដេលី​ថា សម្តេច​កំពុងតែ​ស្វែងរក​ច្រក ដើម្បី​ផ្ទេរតំណែង​ទៅ​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច។​

​ប៉ុន្តែ​សម្តេច​បាន​សង្កត់ធ្ងន់ថា ទោះបីជា​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនច្បង​របស់ សម្តេច មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី ក៏ត្រូវ​រង់ចាំ​ពេលវេលា​រហូត ដល់​ឆ្នាំ​២០២៨, ២០២៩ ឬ​រហូតដល់​ឆ្នាំ​២០៣០ ហើយនឹង​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ដែរ ព្រោះ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ។​

​សូមជម្រាបថា ការ​ថ្លែង​ប្រតិកម្ម​របស់​សម្តេច​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកសារព័ត៌មាន​សរុប​ជិត​៦​ពាន់​នាក់ នៅ​កោះ​ពេជ្រ នា​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​ម្សិលមិញ ។

​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា សម្តេច​ត្រូវការ​ពេលវេលា​១០​ឆ្នាំ​ទៀត ដើម្បី​កាន់តំណែងជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា។ អញ្ចឹង​បើទោះបីជា ហ៊ុន ម៉ា​ណែ​ត មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ គេ​ក៏ត្រូវ​រង់ចាំ​រហូតដល់​ក្រោយ​ឆ្នាំ​២០២៨ ឬ​២០២៩ ឬ​រហូតដល់​ឆ្នាំ​២០៣០ ទើប​អាច​ប្រឡូក​នៅក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​បាន។​

​សម្តេច ហ៊ុន សែន ក៏បាន​ចោទសួរ​ទៅវិញ​ថា បើ​ឪពុក​កំពុងតែ​ធ្វើជា​នាយករដ្ឋមន្ត្រី ទៅហើយ តើ​កូន​មានលទ្ធភាព​ឯណា​ដែល​មក​ដណ្តើម​អំណាច​ពី​ឪពុក​នោះ។ ម្យ៉ាងទៀត​កម្ពុជា​ជា ប្រទេស​ប្រជាធិបតេយ្យ មិនមែនជា​ប្រទេស​ដែល​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន​តាមរបៀប​មួយ ដូចជា​នៅ​ប្រទេស​ខ្លះ​នោះទេ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត៕