ក្រសួងបរិស្ថានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន និងការបង្កើតមូលនិធិបរិស្ថានសង្គម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2020 ក+ ក-

ភ្នំពេញ ៖ សេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង តាមទីប្រជុំជន ២០១៩-២០២៨ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា ៤ មាត្រា ៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម ជារបៀបវារៈ នៃកិច្ចប្រជុំរបស់អន្តរក្រសួងកាលពីព្រឹកថ្ងៃទី១៤ មករាម្សិលមិញ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

យោងតាមសេចក្តីប្រកាសព័ត៍មានសម្រាប់កិច្ចប្រជុំនេះបានពណ៌នាថា ស្របជាមួយនឹងដំណើរឆ្ពោះ
ទៅមុខនៃកិច្ចអភិវឌ្ឍ ការធ្វើទំនើបកម្ម និងនិរន្តរភាពទីក្រុង ក៏ដូចជាការបន្ស៊ីខ្លួនទៅនឹងបរិបទសកលនៃការ រស់នៅប្រកបដោយចីរភាព ការមានជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋកម្ពុជាតម្រូវការមូលដ្ឋាន ចម្បងរបស់ពួកគាត់ គឺការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដែលមានផាសុកភាព និងសុខមាលភាពសាធា
រណៈ ហើយជាកិច្ចឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋ ការគាំពារនូវគុណភាពទឹក ដី ខ្យល់ ពីការបំពុល គឺត្រូវដើរទន្ទឹមគ្នានឹងកិច្ចអភិវឌ្ឍនានាដែលក្នុងនោះការទប់ស្កាត់ការបំពុលពីសំរាម សំណល់
រឹងទីប្រជុំជនជាកិច្ចការចម្បងមួយក្នុងកិច្ចការចម្បងធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ និងជានិរន្ត ដោយការពង្រឹងកិច្ចការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺត្រូវ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីចំណុចបង្កើតសំរាម សំណល់រឹង រហូតដល់ការច្នៃ និងការទុក ដាក់ចុងក្រោយនៃសំរាម សំណល់រឹង ដោយត្រូវស្ថិតនៅក្រោមក្របខណ្ឌគោលនយោបាយផែនការ សកម្មភាព និងវិធានការអនុវត្តន៍ជាក់លាក់ច្បាស់លាស់ និងម៉ឺងមាត់។

ក្នុងន័យនេះ ការដាក់ចេញនូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភ័ណភាពទីប្រជុំជន និងការពារប្រព័ន្ធ អេកូឡូស៊ីដែលជាឧត្តមប្រយោជន៍ជាតិ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាង គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ នេះឡើង ក្នុងគោល បំណង ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេស កម្ពុជាឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ៕