សំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា គ្រោងប្រើពេល៣ខែទើបបញ្ចប់សវនាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

ភ្នំពេញ ៖ សវនាការក្នុងសំណុំរឿងលោក កឹម សុខា ក្នុងបទសនិ្ទដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ លើកមកជំនុំជម្រះពេញមួយព្រឹកនាថ្ងៃពុធ ទី១៥ ខែមករា នេះ។ អង្គសវនាការពេញនេះ ជាសវនាការជជែកដេញដោលលើភ័ស្តុតាងនៃវីដេអូឃ្លីបមួយរបស់លោក កឹម សុខា ដែលលោកបាននិយាយកាលពីឆ្នាំ២០១៣ គឺជាដើមចមនៃការចោទសួរក្នុងបទក្បត់ជាតិ។

អង្គសវនាការបានចាក់បង្ហាញវីដេអូរបស់លោក កឹម សុខា នៅក្នុងអង្គជំនុំជំរះ។ នៅក្នុងអង្គសវនាការនៅព្រឹកម្សិលម៉ិញ លោក កឹម សុខា បានស្នើទៅអង្គជំនុំជម្រះយក វីដេអូ រយៈពេល១ម៉ោងដែលលោកបាននិយាយកាលពីឆ្នាំ២០១៣ មកចាក់បង្ហាញទាំងស្រុង ដោយលោកអះអាងថា ភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត។

លោក កឹម សុខា បដិសេធថា វីដេអូ នេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់រូបលោកទេ»។ លោក កឹម សុខា នៅលើហ្វេសប៊ុកផេករបស់លោកនៅថ្ងៃនេះ បានបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើលោក ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ លោកថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។ លោកកឹម សុខា នៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីលោកចូលប្រឡូកក្នុងឆាក នយោបាយពេញលេញ។

លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការ បានអះអាងថា លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូលើសំឡេង រូបរបស់គាត់ពិតប្រាកដមែន»។ លោក គី តិចបញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ ភ័ស្ដុតាងដែលជាវីដេអូឃ្លឹបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់។

លោក គី តិច បានឲ្យដឹងដែរថា សំណុំរឿងរបស់លោក កឹម សុខាពាក់ព័ន្ធជាមួយប្រទេសចំនួន៩ ក្នុងនោះមានសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី អាមេរិក កាណាដា តៃវ៉ាន់ និង ឥណ្ឌា។ តែលោក មិនបានបញ្ជាក់ឡើយ ថា តុលាការ នឹងហៅតំណាងប្រទេស អង្គការ និង បុគ្គលនោះ ទៅបំភ្លឺឬយ៉ាងណា។

បើតាមលោកគី តិច តុលាការព្រមទទួលយកភស្តុតាងដែលដាក់លោក កឹម សុខា ជាវីដេអូរយៈពេលជាង១ម៉ោង ប៉ុន្តែតុលាការបានបញ្ជាឲ្យក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ឯកសារជាលាយលក្ខណ៍ពាក់ព័ន្ធនឹងវីដេអូជាងមួយម៉ោងនេះ ហើយបញ្ជូនទៅតុលាការឲ្យបានត្រឹមថ្ងៃទី២០ ខែមករា មុននឹងតុលាការសម្រេចថានឹងបញ្ចាំងនៅពេលណា។

សូមជម្រាបផងដែរថា សវនាការលើលោក កឹម សុខា នឹងបន្តនៅថ្ងៃស្អែកទៀតហើយ ក្នុងមួយសប្តាហ៍ តុលាការបើកសវនាការលើលោក កឹម សុខា ពីរថ្ងៃគឺនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។ តាមការគ្រោងទុកតុលាការ គ្រោងប្រើពេល៣ខែក្នុងការបើកសវនាការនេះ៕