បើក «សេណារីយោ» ចុះបង្រ្កាបសង្វៀនបញ្ជល់មាន់នៅស្រុកព្រៃឈរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ ភាពមិនប្រក្រតីមួយក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង បានបើកធ្វើឡើង«ក្រោមការរិះគន់ពេញទំហឹង។ រិះគន់នៅត្រង់ថា អ្នកណាៗក៏ដឹងថា ក្រុមអ្នកញៀនល្បែងតែងប្រមូលផ្តុំជុំគ្នាលែងចាប់ពីពេលថ្ងៃត្រង់រហូតដល់ព្រលប់ ចំណែកសមត្ថកិច្ចរៀបចំ «សេណារីយោ» នាំកម្លាំងចុះទៅបង្ក្រាបនៅពេលព្រឹក ដូច្នេះចាប់បានតែសង្វៀន និងអ្នក បោសសម្អាតថែទាំសង្វៀនប៉ុណ្ណោះ។

សូមជម្រាបថា សមត្ថកិច្ចចំរុះនៅស្រុកព្រៃឈរ បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅម៉ោងប្រមាណជាង ៨ព្រឹក  ប៉ូលិសបានអោយដឹងថា កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងលោក គឹម បូរ៉ាឌី អភិបាលរងស្រុក និងចូលរួមសហការដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកំលាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាប ក្រុមល្បែងស៊ីសង ជល់សត្វមាន់ភ្នាល់ ដាក់លុយ  លួចលាក់នៅចំណុចគុម្ពោតព្រៃលើដីទីទួលកប់ខ្មោច ចុងខាងត្បូងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ដែលមានចម្ងាយប្រហែលពីរទៅបីគីឡូម៉ែត្រពីភូមិ។

ប៉ូលិសបានបញ្ជាក់ថា ដោយស្ថានភាពភូមិសាស្រ្តផ្លូវបត់បែនទីវាល និងមានព្រៃល្បះផងនោះ កម្លាំងសមត្ថកិច្ចចូលទៅជិតដល់ តែត្រូវក្រុមនោះមើលឃើញសមត្ថកិច្ច ហើយបានរត់គេចខ្លួនពីកន្លែងលេងអស់បន្សល់វត្ថុតាងរួមមាន ៖ សត្វមាន់ចំនួន២ក្បាល. ស៊ុមក្រុងមាន់ចំនួន៣. ស្បែកជើងស៊ក១គូ. ម៉ូតូ២គ្រឿង ម៉ាកវីវ៉ា និងម៉ាកសេ ១០០កូរ៉េ ព្រមទាំងរោងប្រក់តង់កៅស៊ូ១។

ប៉ូលិសបានបន្តថា តាមការអនុញ្ញាតពីលោកអភិបាលស្រុក គឺបានដុតបំផ្លាញ រោងចោល នៅកន្លែងកើតហេតុ។ ក្រៅពីនេះ ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីស្រាវជ្រាវរកក្រុមអ្នកលេងយកមកចងក្រងសំណុំរឿងតាមនីតិវិធី៕