ជប៉ុន នឹងជួយកម្ពុជាអភិវឌ្ឍសេវាទូទាត់ប្រាក់តាមទូរស៏ព្ទដៃ និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាមកពីប្រទេសជប៉ុន នៅវិមានសន្តិភាព។ នៅក្នុងជំនួបតំណាងរាស្ត្រជប៉ុន បានបញ្ជាក់ពីបំណងជួយកម្ពុជា លើការអភិវឌ្ឍសេវាទូទាត់ប្រាក់ប្រព័ន្ធទូរស័ព្ទ និងប្លុកឆេន និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត។

លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុនបានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១.គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរសព្ទដៃ និងការអភិវឌ្ឍនប្លុកឆេននៅកម្ពុជា។ បើសិនដាក់ឲ្យដំណើរការអភិវឌ្ឍប្លុកឆេននៅកម្ពុជារួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺឯកឧត្តមមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ឯកឧត្តមក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នៅបញ្ហាទាំងពីរខាងលើ។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឯកឧត្តម មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេន ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថល មានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។

ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើន ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី៣០០គីឡូម៉ែត្រការ៉េរហូតទៅដល់ប្រជាជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើ ទី១. គឺត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ទី២. គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕