រកឃើញសំបុកពងសត្វកន្ឋាយក្បាលកង្កែប ឬល្មិច ជិត៤៥០ពងនៅតាមឆ្នេរទន្លេមេគង្គក្នុងខេត្តក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

ខេត្តក្រចេះ ៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំនេះ ពងសត្វកន្ឋាយក្បាលកង្កែប ឬហៅថា ល្មិច ចំនួន១៣សំបុក មានជាង ៤០០ពង ត្រូវបានក្រុមមន្ត្រីអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផលស្រាវជ្រាវរកឃើញមាននៅតាមបណ្តោយឆ្នេរខ្សាច់នៃកូនកោះតូចធំនៅតំបន់ព្រៃលិចទឹក ក្នុងឃុំចំនួន ៤ របស់ស្រុកសំបូរ ខេត្តក្រចេះ។

សត្វកន្ឋាយក្បាលកង្កែប ឬល្មិច នេះ ត្រូវបានមន្ត្រីអភិរក្សអះអាងថា ជាប្រភេទសត្វជិតផុតពូជ និងបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្ស និងកំពុងទទួលរងការគំរាមកំហែងជាសកលស្ទើរតែផុតពូជ។ នេះជាការរកឃើញថ្មីមួយទៀត ពីក្រុមអ្នកស្រាវជ្រាវទៅលើសំបុក និងពងសត្វកន្ឋាយក្បាលកង្កែប នៅក្នុងខេត្តក្រចេះ។

នាយរងផ្នែករដ្ឋបាលជលផលកាំពី និងជាមន្រ្តីសហការជាមួយ និងអង្គការដៃគូរអភិរក្ស លោក អ៊ូ សុវណ្ណរ៉ា បានថ្លែងប្រាប់ឱ្យដឹង នៅថ្ងៃទី១៦ ខែមករា នេះថា ពងសត្វកន្ឋាយ ក្បាលកង្កែប ឬល្មិចចំនួន ១៣សំបុក ក្នុង១សំបុកមានពងចាប់ពី៣៥ ទៅ ៥០ពង ត្រូវបានក្រុមការងារស្រាវជ្រាវរកឃើញ មាននៅតាមឆ្នេរខ្សាច់នៃកោះតូចៗនៅតំបន់ព្រៃលិចទឹកក្នុងឃុំ ចំនួន ៤ នៅស្រុកសំបូរ ខេត្តក្រចេះ រួមមាន ឃុំខ្សាច់ម្កាក់ ឃុំកំពង់ចាម ឃុំកោះខ្ញែរ និងឃុំវឌ្ឍនៈ។

លោកបានសន្និដ្ឋានថា ពងកូនកន្ឋាយនេះ អាចចាប់ផ្តើមពងកូនតាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ នេះ។

លោកបានបន្តថា ជាច្រើនឆ្នាំមុនៗពូជកន្ឋាយក្បាលកង្កែប ឬល្មិច នេះ បានរងការគំរាមកំហែង និងការបាត់បង់ដោយសារការធ្វើនេសាទតាមរយៈការរាយសន្ទូច និងការចាប់យកពងដើម្បីទទួលទាន។ តែក្រោយវត្តមាននៃការរកឃើញ ពូជកន្ឋាយទឹកសាបដ៏កម្រនេះ ត្រូវបានរួមគ្នាអភិរក្សយ៉ាងគត់មត់ រួមគ្នាអនុវត្តច្បាប់ស្តីពីជលផលរឹតបន្តឹងការធ្វើនេសាទនៅតំបន់ជីវចម្រុះ។ ការចង់ក្រងជាសហគមន៍ដើម្បីអភិរក្សលើសពីនេះទៅទៀតគឺ មានការលើកទឹកចិត្តដល់សហគមន៍ក៏ដោយមានការគាំទ្រហិរញ្ញវត្ថុពីអង្គការជាដៃគូ នៅពេល ពលរដ្ឋរស់នៅតំបន់គោលដៅពីការប្រទះឃើញសំបុក និងថែទាំសំបុករហូតញាស់បានកូន។ លេីសពីនេះក៏មានការបង្កើតជាមណ្ឌលភ្ញាស់កូន កន្ឋាយមួយកន្លែនៅស្រុកសំបូរ ខេត្តក្រចេះ។

ដោយឡែកក្រុមអ្នកស្រាវជ្រាវនិយាយថា កន្ធាយក្បាលកង្កែបឬល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការអភិរក្សា ថាជាប្រភេទកំពុង ទទួលរងការគំរាមកំហែងជាសកល។ កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយ នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ វត្តមានកន្ធាយប្រភេទនេះ ត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដង ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលជាតំបន់ព្រៃ លិចទឹក និងសម្បូរដោយជីវចម្រុះគ្រប់ប្រភេទសំរាប់ការរស់នៅ និងជាកន្លែងពងកូនរបស់សត្វកន្ឋាយក្បាលកង្កែបនេះ៕