កូនដំរីព្រៃមួយក្បាលបានងាប់នៅអូរលាវព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2020 ក+ ក-

ខេត្តមណ្ឌលគិរី ៖ «កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅក្នុងអូរលាវព្រំប្រទល់ រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ មានសភាពស្អុយរលួយ»។ នេះបើតាមការបញ្ជាក់ថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះមិនទាន់ដឹងអំពីមូលដ្ឋានពិត ប្រាកដនៃការស្លាប់របស់កូនដំរីព្រៃនេះនៅឡើយទេ ប៉ុន្តែតាមការ សន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះ អាចស្លាប់ដោយការលង់ទឹក។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិ ស្ថានបានឱ្យដឹងថា ៖ «តាមការពិនិត្យ សាកសពសត្វដំរីនេះ មិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ ដែលអាចសន្និដ្ឋានថា អាចស្លាប់ដោយមូលហេតុអ្វីផ្សេងឡើយ អ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់ កូនដំរីនេះបាក់ ដែលសង្ស័យថា អាចត្រូវបានគៀបនឹងល្បាក់ថ្ម ព្រោះអូរលាវមានអន្លង់ជ្រៅៗ និងមានល្បាក់ថ្មច្រើន»។មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន៣នាក់បានចុះទៅពិនិត្យផ្ទាល់នៅលើទីតាំង និងបានរកឃើញថា មានកូនដំរីព្រៃ១ក្បាលបានងាប់ក្នុងទឹក។

តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង ១០ ថ្ងៃមុន ប្រជាពលរដ្ឋបានឃើញហ្វូងដំរីប្រមាណពី ២០ ទៅ ៣០ ក្បាល បានហែលឆ្លងអូរលាវចូលមករកចំណី នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សីនិងមែកឈើ ហើយបានបន្សល់លាមកជាច្រើន ហើយបន្ទាប់មកក៏បានឆ្លងទៅទឹកដីខេត្ត មណ្ឌលគិរីវិញ។ ក្រោយមកក៏បានប្រទះឃើញកូនដំរីស្លាប់ក្នុងទឹក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ពិតជាគួរឱ្យសោកស្តាយចំពោះការបាត់បង់កូនដំរីព្រៃមួយនេះ។

ឯកឧត្តមបានបន្ថែមថាដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូ ក្រុមការងារពិបាក នឹងយកសពកូនដំរីមករក្សាទុក។ ក្រុមការងារបានសម្រេចអូសសាកសពកូនដំរី មកកប់នៅដីក្បែរមាត់ អូរសិនដើម្បីទុកឱ្យរលួយសាច់ ទើបអាច ប្រមូលឆ្អឹងមកធ្វើជារូបសំណាកជាក្រោយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា មានប្រមាណជាង ១១០ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានចំនួនប្រមាណជិត២០០ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។ ចំណែកសត្វដំរីស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ៧០ក្បាល។ ប៉ុន្មានទសវត្សចុងក្រោយនេះ ចំនួនសត្វដំរី នៅអាស៊ីអាគ្នេយ៏បានថយចុះច្រើន ដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្សខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំនៅជាប់នឹងព្រៃហើយពេល ខ្លះដំរីមកស៊ីដំណាំ៕