រដ្ឋបាល​រាជធានី​ភ្នំពេញ​​ចេញ​បម្រាម​ចំនួន៣ចំណុច​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបម្រាមចំនួន៣ចំណុច ដែលមិនឱ្យប្រជាពលរដ្ឋជាប់សែស្រឡាយចិន ប្រព្រឹត្តនោះឡើយ ក្នុងន័យរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ។

បម្រាម ទាំង៣នោះ រួមមាន ៖ ទី១ ៖ មិនឱ្យមានការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។ ទី២ ៖ មិនឱ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង និងទី៣ ៖ រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់៕