ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង៤ពាន់លើក សម្លាប់មនុស្សជិត២ពាន់នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2020 ក+ ក-

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងារនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន៤,១២១លើក សម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ដែលគិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់៥.៤នាក់។

របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់ ហើយមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ។

របាយការណ៍បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ កើនឡើង៨៤៥លើក ស្មើនឹង២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន២២០នាក់ ស្មើនឹង១២ភាគរយ ខណៈអ្នករងរបួសកើន១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។

របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។ បញ្ហាប្រឈមចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ គឺជនរងគ្រោះជាអ្នកជិះម៉ូតូនៅតែមានចំនួនច្រើនរហូតដល់៧៨ភាគរយ, ជនរងគ្រោះជាកម្មករចំនួន៣៤ភាគរយ កសិករ៣៣ភាគរយ សិស្សចំនួន១០ភាគរយ, វ័យនៃជនរងគ្រោះមានក្រោមអាយុ១៧ឆ្នាំ ចំនួន១១ភាគរយ ពីអាយុ១៨ ដល់៤៥ឆ្នាំមានចំនួន៧០ភាគរយ និងអាយុ៤៦ឆ្នាំឡើង មានចំនួន១៩ភាគរយ។

ដោយឡែកបញ្ហាប្រឈមសម្រាប់គ្រោះថ្នាក់ចរាចរណ៍ទៀតនោះ គឺរចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែចង្អៀត ដោយសារកំណើនយានយន្ត ដែលមាន ៣៦ភាគរយនៅឆ្នាំ២០១៩, តម្រូវការធ្វើចរាចរណ៍ដឹកជញ្ជូនកាន់តែកើនឡើង កន្លែងខ្លះត្រូវរងការខូចខាត ឬខ្វះស្លាកសញ្ញា, កង្វះការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវ បណ្តាលឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍កាន់តែចង្អៀត, ស្មារតីនៃការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត នៅតែខ្លាចនគរបាលជាងខ្លាចច្បាប់, សមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាពការងារមិនទាន់ឆ្លើយតបតាមសំណូមពរដោយខ្វះមធ្យោបាយឧបករណួសម្ភារៈប្រតិបត្តិការ៕