លោក លី ធុជ ស្នើម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2020 ក+ ក-

ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីន ដើម្បីលទ្ឋផល (CFR) ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយរួមមានអូស្ត្រាលី ស្វីស កាណាដា UNDP តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ជំនួយថ្មី កូរ៉េ /KOICA ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងបោសសំអាតមីនដំណាក់កាលទី៣ (២០១៦-២០១៩) និងការចាប់ផ្តើមគម្រោងដំណាក់កាលទី៤(២០២០-២០២៥) និងផែនការសកម្មភាពនិងផែនការថវិកាឆ្នាំ២០២០។

តំណាងដៃគូអភិឌ្ឍន៍ លោក Nick Beresford, UNDP ប្រចាំប្រទេសកម្ពុជាបានអបអរសាទរចំពោះដំណើរការ​អនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់​កាលទី៣ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា​អនុវត្ត​ការងារគម្រោងសម្រាប់ដំណាក់កាលទី៤។ លោក Nick បានឲ្យដឹងដែរថា ប្រទេស New Zealand កំពុងពិចារណានឹងចូលរួមជាមួយគម្រោងដំណាក់កាលទី៤នេះដែរ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី លី​ ធុជ សន្យាថានឹងប្រើប្រាស់ថវិកាជំនួយឲ្យបានត្រឹមត្រូវបំផុត​ឲ្យបានជាប្រយោជន៍ពិតប្រាកដ​ដល់ប្រជាជនកម្ពុជា។​​ ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រវិស័យសកម្មភាពបោសសំអាតមីននៅកម្ពុជា និងស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីនដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩ ថវិកាចំនួន ១១.៥២៤.៨២៣ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា UNDP និងបដិភាគ១០%របស់រដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ៥៣.១៥ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩ ផ្ទៃដីចំនួន ១.៩៤៦ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតដោយប្រតិបត្តិករជាតិ-អន្តរជាតិ ដោយរកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៨០.៨១៤ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥.១៨៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២.៨៣២.៦២៦ គ្រាប់៕