អាជ្ញាធរ​​បញ្ជាក់​ថា ​មិនទាន់មាន​ការផ្អាក​ជើង​ហោះហើរ​ជាមួយ​ចិន​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2020 ក+ ក-

ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ជើងហោះហើរ​រវាង​កម្ពុជា និង​ចិន មិនទាន់មាន​ការផ្អាក​ដំណើរការ នោះទេ បើទោះបីជា​ពិភពលោក​កំពុង​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៃ​មេរោគ​រលាក​សួត​កូ​រ៉ូ​ណា​ថ្មី ដែលមាន​ប្រភព​ចេញ​មកពី​ប្រទេស​ចិន​ក៏ដោយចុះ ។​

​លោក ស៊ីន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែងថា ដោយយោង​តាមច្បាប់​អន្តរជាតិ ដែល​មិន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្អាក​ជើងហោះហើរ នោះឡើយ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​អ្នក​ទេសចរណ៍ ការទំនាក់ទំនង និង​ការធ្វើ​ពាណិជ្ជកម្ម ។​

​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​ការ​លើកឡើងថា ប្រទេស​ខ្លះ​ដែល​រឹតត្បិត​ជើងហោះហើរ​ជា មួយ​ចិន ក្នុង​ហេតុផល​ថា ការពារ​ការឆ្លង​មេរោគ​រលាក​សួត​កូ​រ៉​ណា​ថ្មី​ចូលក្នុង​ប្រទេស របស់ខ្លួន​នោះ វា​ជាគោលការណ៍​របស់​ប្រទេស​នោះ ប៉ុន្តែ​សម្រាប់​កម្ពុជា នៅពេលនេះ​មិនទាន់មាន​គោលការណ៍​ណែនាំ​ឲ្យ​ធ្វើ​ដូច្នេះ​នៅឡើយ ៕