អ្នកស្លាប់ដោយវីរុសកូរ៉ូណានៅចិនកើនដល់ ១៧០នាក់ ខណ:អាមេរិករកឃើញវ៉ាក់សាំងការពារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ចិន ÷ សហរដ្ឋអាមេរិកបានប្រកាសពីការរកឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈនៅឯប្រទេសចិន មានមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណា (Coronavirus) នេះ បានកើនឡើងដល់ ១៧០នាក់ និងមនុស្សជាង ៧ ៧០០នាក់ទៀតបានឆ្លងជំងឺនេះ។ នេះបើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងកាលពីម្សិលមិញថា មនុស្សសរុបចំនួន ១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង ៤ ៥៨៦ករណី ប៉ុន្តែបន្ទាប់ពីទទួលការព្យាបាល មានអ្នកជំងឺចំនួន ១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា អាមេរិក បានប្រកាសនៅថ្ងៃអង្គារ នេះ ថា ​ខ្លួ​នកំពុងតែអភិវឌ្ឍន៍​វ៉ា​ក់សាំ​ងប្រឆាំ​ងនឹ​ងវីរុ​ស​មរណៈ ដែលបានផ្ទុះនៅក្នុងប្រ​ទេស​ចិ​ន និងបានជំរុញ​ឲ្យ​ទីក្រុ​ងប៉េ​កាំង បង្កើនកិច្ចសហប្រតិ​ប​ត្តិកា​រជា​មួ​យនឹ​ងអាជ្ញា​ធរសុខភាពអន្ត​រ​ជាតិ​ WHO ។

មន្រ្តីសុខាភិបាលអាមេ​រិ​ក ឈ្មោះ Anthony Fauci បានថ្លែងប្រាប់អ្ន​ក​សារព័ត៌មាន​ថា “ពួកយើងបានចាប់ផ្តើម​វា​ហើយ​នៅ​វិទ្យា​ស្ថានសុ​ខាភិ​បាលជាតិ​ ជាមួយអ្នកសហការ​ជា​ច្រើ​ន ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំ​ង​”​។

ដំណើរការនឹងត្រូវការរយៈ​ពេ​ល ៣ខែដើម្បីចាប់ផ្តើមការសាកល្ប​ង​លើកដំ​​បូង និង ៣ខែទៀតដើម្បីប្រមូលទិន្នន័យ​ ​មុនពេលចាប់ផ្តើមអនុវត្តន៍នៅដំណាក់កាលទី២ បាន។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដែលបានផ្ទុះចេញពីទីក្រុង​វូ​ហា​ន ប្រទេសចិន បានសម្លាប់ជីវិតម​នុ​ស្ស​ចំ​នួន ១៧០នាក់ និងឆ្លងជិត ៨.០០០​ក​រណី​រហូត​មកដ​ល់​ពេល​នេះ។​

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិន មិនបានឆ្លើយតបជាមួយនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកទេ ហើយនៅតែបង្ហាញជំនឿចិត្តរបស់ខ្លួនថា អាចគ្រប់គ្រង និងយកឈ្នះលើវីរុសដ៏កាចសា​ហា​វនេះ​បា​ន​៕