ឆ្នាំ២០១៩ ឯកសារ​រដ្ឋបាល​កម្ពុជាមិន​ប្រក្រតី​ដែល​ជនបរទេស​កាន់​កាប់ជាង៣ម៉ឺនឯកសារត្រូវបានដកហូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ភ្នំពេញ ៖ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដែលបង្ហាញក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ឆ្នាំ​២០១៩ ​និង​ទិសដៅ​ការ​ងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែមករា ​នេះ បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ​ដែល ​ជនបរទេស​កំពុង​កាន់​កាប់​ប្រើប្រាស់​ ​ជាង​បី​ម៉ឺន​ប្រាំ​ពីរពាន់​ឯកសារ​ ​មាន​ចំនួន ​ជាង​ពីរ​ម៉ឺន​គ្រួសារ ​មនុស្ស​ជិត​៧ ​ម៉ឺន​នាក់ ​ស្មើនឹង​៩៤,៩៧​ភាគរយ នៃ​ចំនួន ដែល​បាន​ធ្វើ​ស្ថិតិ​។

របាយការណ៍បន្តថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ទទួល​ពាក្យសុំ​ប្រកាស ​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ ​ចំនួន​ជាង​៣​ម៉ឺន​២​ពាន់​គ្រួសារ ​មនុស្ស​ជាង​១០​ម៉ឺន​នាក់​ ក្នុងនោះ​ ក្រសួង​បាន​ចេញ ប្រកាស​ទទួលស្គាល់​ ចំនួន​ជាង​២​ម៉ឺន​គ្រួសារ ​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ ដោយ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន ​នគរបាល ​រាជធានី​-​ខេត្ត ​ដើម្បី​ចែក​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍ ​ប្រើប្រាស់​តាមច្បាប់​។ បន្ថែមលើនេះ​អគ្គនាយកដ្ឋាន​ អន្ដោប្រវេសន៍ ក៏បាន​ទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​ អចិន្ត្រៃយ៍ ចំនួន​ជាង​២​ម៉ឺន​៨​ពាន់​គ្រួសារ មនុស្ស​ជាង​៨​ម៉ឺន​៩​ពាន់​នាក់ ក្នុងនោះ​ក្រសួង បានចេញ​ប័ណ្ណ​ស្នាក់នៅ ​អចិន្ត្រៃយ៍ ​ចំនួន​ជាង​១​ម៉ឺន​៦​ពាន់​គ្រួសារ ​មនុស្ស​ចំនួន​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​។​ ជនបរទេស​អន្តោប្រវេសន៍ ​នៅ​កម្ពុជា មាន​ចំនួន​ជិត​២​ម៉ឺន​៩​ពាន់​គ្រួសារ ​មនុស្ស​រួម ជាង​៨​ម៉ឺន​៩ ​ពាន់​នាក់ មាន​១១​សញ្ជាតិ។

ដោយឡែកក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍ក៏បានបណ្តេញជនបរទេសចំនួន១៥,៣៣នាក់ ស្មើនឹង៦៣សញ្ជាតិចេញពីប្រទេសកម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។

របាយការណ៍បញ្ជាក់ថា បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្តរួមមាន ៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់៕