សម្តេច ហ៊ុន សែន ៖ កម្ពុជាមិនបិទជើងហោះហើរ ឬជម្លៀសមន្ត្រីទូត និស្សិតពីប្រទេសចិន មកកម្ពុជាឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រឈមនឹងវីរុសថ្មី កូរ៉ូណានេះ កម្ពុជា នឹងមិនបិទជើងហោះហើរពីប្រទេសចិន រឺ ជម្លៀសមន្ត្រីទូត និងនិស្សិត របស់កម្ពុជា កំពុងសិក្សានៅចិនកម្ពុជានោះទេ។ ការបិទជើងហោះហើរមកពីប្រទេសចិន គឺប្រៀបបាននឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងផ្តាច់ទំនាក់ទំនងជាមួយចិន នោះដែរ។

នៅក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមករា នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថាជំងឺពិតប្រាកដ ដែលកំពុងកើតនៅកម្ពុជា គឺជំងឺភ័យខ្លាចហួសហេតុរបស់ពលរដ្ឋ បន្ថែមដោយការបំពុល របស់ព័ត៌មានក្លែងក្លាយមួយចំនួន ដែលគ្មានការទទួលខុសត្រូវ គឺមិនមែនដោយសារ វីរុសកូរ៉ូណា ទេ។ វីរុសកូរ៉ូណា មិនចោទជាបញ្ហាធំឡើយនៅកម្ពុជា គ្រាដែលក្រសួងសុខា ភិបាល កំពុងតាមដាន និងដោះស្រាយយ៉ាងម៉ត់ចត់ ព្រមជាមួយការព្យាបាលជនជាតិចិន ដែលកំពុងដាក់នៅដោយឡែកនៅខេត្តព្រះសីហនុ។

សម្តេចតេជោមានប្រសាសន៏ថា ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ បាននាំឲ្យមានការស្នើ ទៅសម្តេចផ្ទាល់ គឺការស្នើឲ្យបិទ ជើងហោះហើរពីប្រទេសចិនមកកាន់កម្ពុជា និងស្នើឲ្យ សុំឲ្យមានការជម្លៀស និស្សិត មន្ត្រីទូតកម្ពុជា វិលត្រលប់មកកម្ពុជាវិញ។

ប៉ុន្តែសម្តេចតេជោ បានអះអាងថា កម្ពុជាមិនយកវិធានការជម្លៀសមន្ត្រីទូត រឺនិស្សិតមក កាន់កម្ពុជាវិញនោះទេ ទោះបីប្រទេសផ្សេងយកវិធានការនេះក៏ដោយ។ សម្តេចតេជោ លើកទឹកចិត្តមន្ត្រីទូត និងនិស្សិតកម្ពុជា ចូលរួមជាមួយប្រជាជន និងរដ្ឋាភិបាលចិន ដោយ មិនត្រូវរត់ចោលគ្នា ក្នុងពេលមានអាសន្ននោះទេ។ ការបិទជើងហោះហើរពីចិន នឹងអាច សម្លាប់សេដ្ឋកិច្ចរបស់ កម្ពុជា និងប្រៀបបានទៅនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន បើ កម្ពុជា សម្រេចចិត្តជម្លៀសមន្ត្រីទូត កុងស៊ុល និងនិស្សិតវិលមកកម្ពុជាវិញភ្លាមៗនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំឲ្យភ័យ ខ្លាចហួសពីការពិត ធ្វើឲ្យបាត់បង់ពេលវេលា និងខាតបង់ថវិកាហើយ ត្រូវចូលរួមចែក រំលែក និងផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ពីក្រសួងសុខាភិបាល។

សម្តេចក៏ស្នើឲ្យសមត្ថកិច្ចយកវិធានការម៉ឺងម៉ាត់ចំពោះ អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវ យកគាត់មកអប់រំ។ ក្រៅពីនេះ សម្តេចតេជោ ហាមមិនឲ្យបិទស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ ផ្សារលក់ដូរ ទីវត្តអារាម ដោយសារវីរុសកូរ៉ូណានោះទេ ព្រោះមិនជះឥទ្ធិពល ខ្លាំងក្លាឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានស្នើឲ្យក្រសួងអប់រំ និងគ្រឹះស្ថានសិក្សា ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សានុសិស្ស ក្នុងការលើកកំពស់អនាម័យ និងមិនត្រូវបិទសាលារៀននោះទេ។ សម្តេចតេជោ បានក្រើនរំលឹកឲ្យអ្នក លក់ម៉ាសទាំង ឡាយ កុំតម្លើងថ្លៃម៉ាស់ ក្នុងពេលដែលប្រជាពលរដ្ឋត្រូវការម៉ាស់ការពារ ហើយពលរដ្ឋ ត្រូវរក្សាអនាម័យ និងពាក់ម៉ាស់នៅកន្លែងចាំបាច់៕